រថយន្តពីរ គ្រឿងប៉ះគ្នាបន្តិចបន្តួចប្រកែកគ្នាយកត្រូវរៀងខ្លួនផ្អើលដល់់សមត្ថកិច្ច
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីបាឡែនមួយគ្រឿងទៅកៀររថយន្តហ្វតរ៉េនជ័រមួយគ្រឿងខណៈកំពុងឈប់ទិញផ្កាបណ្តាលឲ្យរកការខូចខាតបន្តិចបន្តួចរួចប្រកែកគ្នាបែកផ្សែងផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង ៨ និង ៤០នាទីយប់ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២០ នៅចំណុចជាប់របងសាលារៀនបាក់ទូក តាមបណ្ដោយផ្លូវ ១៦៤ ក្នុងសង្កាត់វាលវង់ខណ្ឌ ៧មករារាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជ័រពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-2256ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តទិញផ្កាខណៈនោះដែលក៏មានរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Q-7675បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយបានកៀររថយន្តហ្វតចំស្ពាល់ខាងមុខខាងស្ដាំបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចរួចភាគីទាំងសងខាងបានបើកទៅមុខប្រមាណជាង ១០០ ម៉ែត្រដើម្បីមកដោះស្រាយគ្នាឲ្យភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងៗ ខ្លួនដោយមិនមានភាគីខាងណាខុសខាងណាត្រូវនោះទេទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំភ្លាម។

បន្ទាប់មកសមត្ថកិច្ចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង ១ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករាដើម្បីធ្វើការដោះស្រាយគ្នានៅពីក្រោយ៕ធ.ដ
