ខកចិត្តវាយប្រពន្ធឲ្យសន្លប់ពេលឈ្លោះគ្នាតិចតួច ក៏រត់ទៅចងកសម្លាប់ក្នុងបន្ទាប់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ
ភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនចោលប្រពន្ធ ក្រោយពេលមានទំនាស់បន្តិចបន្ទួចរហូតវាយប្រពន្ធឲ្យសន្លប់ កាលពីព្រលប់ថ្ងៃទី១៤ កុម្ភៈ ២០២០ នៅបន្ទប់ជួលមួយកន្លែងក្បែរផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ម៉ោង១១យប់ថ្ងៃដដែលក៏មានការភ្ញាក់ផ្អើលជាខ្លាំងម្ដងទៀតដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សពជនរងគ្រោះមានឈ្មោះ ធឿន ឃីម អាយុ៣០ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅឯខេត្តកំពត ។ តាមសម្ដីប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់បានសួរទៅប្ដីថា អត់ទៅធ្វើការទេ បែជាទៅផឹកស្រាស្រវឹងបែបនេះ ភ្លាមនោះពួកគាត់ក៏មានការទាស់សម្ដីគ្នារហូតប្ដីរបស់គាត់វាយបណ្ដាលឲ្យសន្លប់ ត្រូវបានសាច់ញាតិជិតខាងបញ្ជូនទៅមន្ទីពេទ្យ ។

មួយសន្ទុះក្រោយមកស្រាប់តែប្ដីរបស់គាត់ចូលទៅក្នុងបន្ទប់ជួលធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្ដង ព្រមទាំងត្រូវបានអ្នកជិតខាងជួយស្រាយចំណងដឹកជនរងគ្រោះទៅមន្ទីពេទ្យ តែអកុសលពេលទៅដល់មន្ទីពេទ្យ ត្រូវគ្រូពេទ្យប្រាប់ថា រូបគាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងឲ្យសាច់ញាតិនិងប្រពន្ធដឹកសពប្ដីយកទៅធ្វើបុណ្យទៅ ។

ក្រោយមក ប្រពន្ធ និងសាច់ញាតិបានដឹកសពជនរងគ្រោះបំរុងយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី តែពេលដល់ក្បែរធានាគារវឌ្ឍនៈ លើផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចហាមឃាត់មិនឲ្យទៅទេ ព្រោះសពជនរងគ្រោះមិនទាន់ធ្វើកោសល្យវិច្ឆ័យ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានឲ្យ ប្រពន្ធ និងសាច់ញាតិជនរងគ្រោះដឹកសពខាងលើយកទៅបន្ទប់ជួលដែលជាកន្លែងកើតហេតុវិញ ដើម្បីឲ្យជំនាញធ្វើកោសល្យវិច័យបានល្អិតល្អន់ ទើបសម្រេចតាមនីតិវិធីនាពេលក្រោយបន្តទៀត ៕ធ.ដ