ប្រជាពលរដ្ឋនឹងទទួលបានការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទច្បាស់ដល់ឃុំ-ស្រុកទូទាំងប្រទេសនៅមុនឆ្នាំ២០២៧ (មានវីដេអូ)

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជំរុញឲ្យការដាក់ពង្រាយអង់តែនទូរស័ព្ទ ដើម្បីប្រជាពលរដ្ឋអាចប្រើប្រាស់បានល្អនៅតាមមូលដ្ឋានឃុំ-ស្រុកទូទាំងប្រទេស ឲ្យបានរយៈពេលប្រាំឆ្នាំខាងមុខ ។  នេះជាការលើកឡើងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាននាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា សព្វថ្ងៃនេះប្រព័ន្ធសេវានៅតំបន់មួយចំនួន ពិសេសនៅទីជនបទដាច់ស្រយាលមិនទាន់មានគ្រប់គ្រាន់នៅឡើយ ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញនូវទិសដៅអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលធានាបាននូវប្រព័ន្ធសេវាទូរស័ព្ទគ្របដណ្តប់នៅទូទាំងផ្ទៃប្រទេសឲ្យបានមុនឆ្នាំ២០២៧ខាងមុខ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងខិតខំដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួនក្នុងរាជធានីភ្នំពេញឲ្យបានឆាប់ផងដែរ តាមរយៈការដាក់ប្រព័ន្ធត្រួតពិនិត្យសេវាទូរស័ព្ទ និងជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទទាំងនោះ ធ្វើការដោះស្រាយផ្តល់សេវាជូនអតិថិជនរបស់ខ្លួនបានល្អប្រសើរ ។ ការជំរុញបែបនេះនឹងផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ិនធឺណេត បានល្អប្រសើរនៅតាមមូលដ្ឋានជនបទ និងនៅតាមបុរីនានានៅក្នងទីក្រុង ។

សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើត “ក្រុមការងារលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” តំបន់ប្រតិបត្តិចំនួន ៥ ដើម្បីចុះត្រួតពិនិត្យ វាស់ស្ទង់ ប្រមូលព័ត៌មាន ទិន្នន័យពាក់ព័ន្ធនឹងសេវាជាអាទិ៍ ទីតាំងស្ថានីយ និងបង្គោលអង់តែនទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច ទិន្នន័យវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត និងការប្រើប្រាស់ហ្រេ្វកង់ស៍វិទ្យុ ។ ក្រុមការងារប្រតិបត្តិតាមតំបន់ទាំង ៥ ក៏អាចជួយពង្រឹងសមត្ថភាពមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងតំបន់របស់ខ្លួន ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner