ប្រជាពលរដ្ឋនៅតាមសហគមន៍កំពុងប្រែក្លាយពីការបរបាញ់សត្វព្រៃ មកជាការចិញ្ចឹមសត្វជំនួសវិញ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ (មានវីដេអូ)

ភ្នំពេញ៖ ការផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេស ចៀម និងពពែ ជាសត្វដែលអាចចិញ្ចឹមក្នុងព្រៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ បានផ្តល់ភាពងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច និងអាចចំណេញច្រើន ។

ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី២១៦ក្បាល សត្វគោខ្មែរចំនួន១៥៣ក្បាល គោពូជកាត់ចំនួន៦១ក្បាល គោបាចំនួន៦ក្បាល ចៀមចំនួន២៤៧ក្បាល ពពែចំនួន២៦៧ក្បាល  និងពូជជ្រូកឦសានចំនួន៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ពសម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល ដែលក្នុងនោះរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក) បញ្ជាការដ្ឋាននៃយោធភូមិភាគ១ កងយោធពលខេមរភូមិន្ទ និងកសិដ្ឋានប្រជាពលរដ្ឋចិញ្ចឹមសត្វនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារផងដែរ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកន្លងមកបានចាត់ទុកថា ការចិញ្ចឹមសត្វមិនត្រឹមតែចូលរួមការពារបរិស្ថាន និងព្រៃឈើប៉ុណ្ណោះទេ គឺថែមទាំងបានចូលរួមចលនាដល់សហគមន៍មូលដ្ឋានមានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលយើងមាន ។

សូមបញ្ជាក់ថា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ចាប់ពីឆ្នាំ២០១៧ ដល់២០២០ ក្រសួងបរិស្ថានក៏បានផ្តល់ទុនដោយឡែក ដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិចំនួន៣២សហគមន៍ ដែលក្នុងនោះមានសមា ជិកសហគមន៍ចំនួន៩៥០គ្រួសារ ដែលគ្រួសារចំនួន៣១៧គ្រួសារទទួលបានពូជគោចំនួនពី១ទៅ៣ក្បាលក្នុងមួយគ្រួសារ ។ គ្រួសារចំនួន២២០គ្រួសារទទួលបានពូជជ្រូកឦសាន៣ក្បាលក្នុងមួយគ្រួសារ និង គ្រួសារចំនួន៣៦៨គ្រួសារទទួលបានមាន់ពី១៥ទៅ៤០ក្បាលក្នុងមួយគ្រួសារ ។ គ្រួសារទាំងអស់នោះ បានផ្តល់ផលសត្វទៅដល់សមាជិកសហគមន៍ផ្សេងទៀត ដើម្បីពង្រឹងងជីវភាពជាបន្តបន្ទាប់ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner