អាណាព្យាបាលកីឡាករ-កីឡការិនីជម្រើសជាតិថ្នាល សម្តែងសប្បាយចិត្ត ក្រោយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
កីឡាការិនី-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជា អាយុក្រោម១៨ឆ្នាំ និងកម្មករ-កម្មការិនីសាងសង់ភូមិកីឡាសរុបចំនួន ៤៣០នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១រួចហើយ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ។
មន្ត្រីគណៈកម្មាធិការ CAMSOC ដែលជាអ្នកសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកីឡាករ-កីឡាការិនីជម្រើសជាតិអាយុក្រោម១៨ឆ្នាំ និងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ភូមិកីឡា បានបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលគណៈកម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនេះឡើង ។
ចំពោះកីឡាការ-កីឡាការិនីជម្រើសជាតិថ្នាល ដែលទទួលវ៉ាក់សាំងដូសទី១ គឺមានចំនួន ៣១៦នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន ២៧សហព័ន្ធ ។ ចំណែកបុគ្គលិក និងកម្មករ-កម្មការិនី ដែលកំពុងសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានចំនួន ១១៤នាក់ សរុបចំនួន ៤៣០នាក់ ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបាននាំកីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន ១៨នាក់ ចូលរួមចាក់វ៉ាក់សាំងខាងលើ បានសម្ដែងក្តីរីករាយ សម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសវិស័យកីឡា រហូតក្រុមជម្រើសជាតិថ្នាលពេលនេះ ដែលជាដំណាក់មួយដ៏ល្អ ដើម្បីបន្ស៊ាំការរស់នៅ និងការហ្វឹកហាត់របស់ពួកគេឲ្យកាន់តែរីកចម្រើន ។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង របស់ក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បានសហការគ្នារៀបចំ ចាក់ជូនថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ រួមទាំងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់ការចាក់ជូនកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលថ្ងៃនេះ គឺមានចំនួនសរុប ២,៥១៨នាក់ហើយ ៕