អ្នកនយោបាយ លោកខាងលិចមួយចំនួន គួរយកស្មារតីកីឡាអូឡាំពិកជាគំរូ
ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកក្រុងតូក្យូដែលបានពន្យារអស់រយៈពេលមួយឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានបិទបញ្ចប់ដោយរលូននៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បើទោះបីជាទីក្រុងតូក្យូក៏ដូចជាពិភពលោកកំពុងប្រឈមនឹងសម្ពាធខ្លាំងបណ្តាលមកពីរលកថ្មីនៃជំងឺឆ្លងក្តី។
ក្នុងរយៈពេលកន្លះខែនៃការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ប្រទេសជប៉ុន ប្រជាជនលើពិភពលោកទាំងមូលបានមើលឃើញពីការប្រកួតប្រជែងសមត្ថភាពនិងបច្ចេកទេសលំដាប់ពិភពលោកដ៏គួរឱ្យជក់ចិត្តដិតអារម្មណ៍ ។ ស្របពេលជាមួយគ្នានេះ យើងក៏បានមើលឃើញពីស្មារតីកីឡាអូឡាំពិកដែលរំលេចចេញដោយអត្តពលិកភាគច្រើនបំផុតផងដែរ ពោលគឺការយោគយល់គ្នា មិត្តភាព សាមគ្គីភាព និងការប្រកួតប្រជែងដោយយុត្តិធម៌ ។
ការចាប់ដៃគ្នាមុនពេលប្រកួត ការជួយយកអាសាអត្តពលិកនៃប្រទេសឬតំបន់ដទៃដែលជួបបញ្ហាក្នុងការប្រកួត អ្នកចាញ់ឱបអ្នកឈ្នះដើម្បីសម្តែងការសាទរក្រោយការប្រកួត។ល។ តាមរយៈទិដ្ឋភាពទាំងនេះ យើងបានមើលឃើញពីការរាប់រានគ្នា ការយោគយល់គ្នាដោយមិនប្រកាន់ជាតិសាសន៍ ភាសា និងពណ៌សម្បុរ រវាងអត្តពលិកមកពីប្រទេសនិងតំបន់ទីទៃគ្នា ។
ក្នុងការប្រកួតលើកនេះ អត្តពលិកភាគច្រើនបំផុតសុទ្ធតែបានប្រកាន់ខ្ជាប់ស្មារតីកីឡាអូឡាំពិកដែលធ្វើការប្រកួតប្រជែងដោយយុត្តិធម៌។ ជាធម្មតា ការប្រកួតប្រជែងគឺដើម្បីសាកល្បងសមត្ថភាពរៀងៗខ្លួន ការចាញ់ឬឈ្នះគឺជារឿងធម្មតា អ្នកឈ្នះមិនអំនួត អ្នកចាញ់មិនបាក់ទឹកចិត្ត អ្វីដែលសំខាន់បំផុតគឺការទទួលបានបទពិសោធន៍ល្អៗ ដើម្បីលើកកម្ពស់សមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើងជាលំដាប់ នេះទើបជាជាតិជាអ្នកកីឡាយ៉ាងពិតប្រាកដ ។
ប៉ុន្តែ យើងងាកមកមើលពីអ្នកនយោបាយមួយចំនួនរបស់លោកខាងលិចវិញ ដែលជាអ្នក«មិនហ៊ានចាញ់»ពោលគឺក្នុងផ្នត់គំនិតរបស់ពួកគេគ្មានការប្រកួតប្រជែងដោយយុត្តិធម៌នោះទេ បើឃើញគូប្រកួតជែងទៅមុខខ្លួន នឹងប្រើឧបាយកលគ្រប់បែបយ៉ាង តួយ៉ាងដូចជាការចោទប្រកាន់ដោយឥតហេតុផល ការមួលបង្កាច់ ការឃោសនាបំប៉ោង ការដាក់សម្ពាធនិងការគំរាមកំហែង។ល។
កន្លងមក សកម្មភាពរបស់អ្នកនយោបាយមួយចំនួននៃបស្ចិមប្រទេស បានបង្កភាពរាំងស្ទះជាច្រើនដល់ការអភិវឌ្ឍរបស់ប្រទេសដទៃ ក្នុងតំបន់និងទូទាំងពិភពលោក។ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងក្រោមលេសសិទ្ធិមនុស្ស ការធ្វើនយោបាយធូបនីយកម្មបញ្ហាផ្សេងៗ ការដាក់ទណ្ឌកម្ម។ល។ បានក្លាយជាកលល្បិចដែលប្រើជាប្រចាំរបស់ពួកគេ ដែលដើរកកូរកកាយបង្កភាពវឹកវរមិនចេះចប់។ ប្រជាជនលើពិភពលោកមិនមែនពិការភ្នែកឬល្ងង់ខ្លៅនោះទេ អាចបែងចែកច្បាស់ នូវសនិងខ្មៅ ខុសនិងត្រូវ ។
ដូចដែរយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ក្នុងការប្រកួតកីឡា ប្រសិនជាកីឡាករណាដែលលេងខូចឬលេងខុសលក្ខន្តិកៈ នោះនឹងត្រូវរងការផាកពិន័យឬត្រូវបណ្តេញចេញពីការប្រកួត ។ យ៉ាណាមិញ ប្រទេសណាដែលមានគំនិតពុតត្បុត មិនគោរពគោលការណ៍នៃទំនាក់ទំនងរវាងប្រទេសនិងប្រទេសនិងក្រមអន្តរជាតិ ដើរបង្កាច់បង្ខូចអ្នកដទៃ បង្កអស្ថិរភាពក្នុងតំបន់ ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍រូមរបស់មនុស្សជាតិ នោះគង់នឹងត្រូវខ្ទាតចេញពីសង្វៀនពិភពលោកជាមិនខាន ។
កងប្រាំចម្រុះពណ៌ដែលប្រទាក់ក្រឡាគ្នានៃការប្រកួតកីឡាអូឡាំពិកបង្ហាញពីភាពពពិធកម្មនៃពិភពលោកនិងការពួតដៃរួមសាមគ្គីគ្នា។ អរិយធម៌និងវប្បធម៌ទីទៃគ្នាបានជួបគ្នានិងគួបបញ្ចូលគ្នាទើបអាចរំលេចចេញជាពន្លឺចម្រុះដ៏ត្រចះត្រចង់ពោលគឺពិភពលោកត្រូវមានពហុភាគីនិយម ត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក ទើបមានស្ថិរភាពនិងសន្តិភាព ។ អ្នកនយោបាយមួយចំនួនរបស់បស្ចិមប្រទេសគួរជម្រុះចោលគំនិត«អញជាធំ» ហើយងាកមករៀនសូត្រពីស្មារតីនៃការប្រកួតកីឡាអូឡាំពិក ធ្វើកិច្ចសហប្រតិ្តការដោយស្មោះត្រង់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូលទើបជារឿងដ៏ត្រឹមត្រូវដែលពិភពលោកសាទរ៕
( អត្ថបទដោយ៖ តាំង ស៊ីឡេង វិទ្យុមិត្តភាពកម្ពុជា-ចិន)