ក្លិបកីឡាប្រដាល់គុនខ្មែរ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ ទទួលបានគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម បណ្ឌិត ជា ប៊ុនហេង
ក្លិបប្រដាល់គុនខ្មែរចំនួន៩ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២៩២១នេះ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម បណ្ឌិត ជា ប៊ុន ហេង អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយទុកលំបាក ក្នុងបរិបទជំងឺកូវីដ-១៩ ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា ជំហានដំបូងឧបត្ថម្ភក្លិបប្រដាល់គុនខ្មែរ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ ចំនួន៩ក្លិបសិន ដោយសារក្លិបទាំង៩នេះ មានកីឡាករស្នាក់នៅ ហ្វឹកហាត់ច្រើន ហើយមានការខ្វះខាត ទើបយើងសម្រេចផ្តល់ជូនជាមុន ។ ដោយឡែកសម្រាប់បណ្តាក្លិបប្រដាល់គុនខ្មែរក្រោមចំណុះផ្សេងទៀត នឹងជួយឧបត្ថម្ភតាមក្រោយ ។ ឯកឧត្តម បញ្ជាក់ទៀតថា អំណោយ និងថវិកាឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមសម្រាលទុក្ខលំបាក ក្នុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីដោះស្រាយការហូបចុកជូនកីឡាករ ។ ថ្វីត្បិតគ្រឿងឧបភោគបរិភោគទាំងនេះ វាមានចំនួនតិចតួចស្តួចស្តើង ប៉ុន្តែវាក៏អាចជួយសម្រាលទុក្ខលំបាកមួយរយៈដែរ ។

លោក គង់ ចាន់ទីណា ប្រធានក្លិបប្រដាល់គុនខ្មែរម្កុដរាជសីហ៍ បានលើកឡើងថា អំណោយជាគ្រឿងឧបភោគបរិភោគនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រាលទុក្ខលំបាកជាបណ្តោះអាសន្ន ក្នុងគ្រាជួបវិបត្តិកូវីដ-១៩ ។ លោក ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជា ប៊ុន ហេង ដែលតែងតែយកចិត្តទុកដាក់ ដល់បណ្តាក្លិបឬអង្គភាពកីឡាក្រោមឱវាទ កាយវិកានេះ គឺជាទឹកចិត្តថ្នាក់ដឹកនាំប្រកបដោយគុណធម៌មិនអាចកាត់ថ្លៃបាន ។
សូមបញ្ជាក់ថា ក្លិបកីឡាប្រដាល់គុនខ្មែរ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ ចំនួន៩ ទទយលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការ១០ម៉ឺនរៀល ពីឯកឧត្តមបណ្ឌិត ជា ប៊ុន ហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៕
