លោក ចូ បៃដិន គាំទ្រផែនការរបស់មន្ទីរបញ្ជកោណចំពោះការតម្រូវអោយយោធាចាក់វ៉ាក់សាំង Covid-19 ជាកាតព្វកិច្ចអោយបានមុនពាក់កណ្តាលខែកញ្ញា (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា រូបលោកផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិអាមេរិក (DOD) ក្នុងការតម្រូវអោយយោធាអាមេរិកចាក់វ៉ាក់សាំងបង្ការ Covid-19 អោយបានមុនថ្ងៃ១៥ ខែកញ្ញាខាងមុខនេះ ។
លោក បៃដិន បាននិយាយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេតវិមានភ្លាមៗ បន្ទាប់ពីកំណត់ហេតុមួយច្បាប់របស់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន ត្រូវបានផ្សព្វផ្សាយ ។ លោក អូស្ទីន បាននិយាយថា ខ្ញុំនឹងស្វែងរកការអនុញ្ញាតពីលោកប្រធានាធិបតី ដើម្បីជំរុញកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់យោធា មិនឱ្យលើសពីពាក់កណ្ដាលខែកញ្ញាខាងមុខនេះឡើយ ឬអាចលឿនជាងនេះ នៅក្នុងករណីទទួលបានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ឬក្នុងករណីចាំបាច់ដែលតម្រូវឱ្យធ្វើ បែបនេះ ។ នៅក្នុងកំណត់ហេតុនេះ លោក អូស្ទីន ក៏បានក្រើនរំលឹកឱ្យយោធាអាមេរិកទាំងត្រៀមខ្លួនចាក់វ៉ាក់សាំងផងដែរ ។
សូមជម្រាបផងដែរថា មន្ទីរបញ្ចកោណមានផែនការផ្ដល់ពេលវេលាជាក់លាក់នៃការវ៉ាក់សាំងសម្រាប់យោធាអាមេរិកដល់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីស្នើសុំការអនុញ្ញាតជាចុងក្រោយលើវ៉ាក់សាំង Pfizer នៅដើមខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner