ស.រ.អា៖ កងកម្លាំងអាហ្វហ្គានីស្ថាន មានទំនួលខុសត្រូវការពារប្រទេស ខណៈតាលីបង់ចូលកាន់កាប់បន្ថែមទៀត

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​អះអាង​​ថា​កង​កម្លាំង​យោធា​អាហ្វហ្គានីស្ថាន​មាន​ទំនួល​ខុស​ត្រូវ​ការពារ​ប្រទេស​ដោយ​ខ្លួន​ឯង​ ខណៈ​ពេល​ដែល​ក្រុម​ឧទ្ទាម​តាលីបង់​ចូល​កាន់​កាប់​ទីរួមខេត្ត​អាហ្វហ្គានីស្ថាន​ទី​៦​កាល​ពី​ថ្ងៃ​ចន្ទ​​នេះ ជា​មួយ​នឹង​ទីប្រជុំ​​ និង​​ច្រក​ពាណិជ្ជកម្ម​មួយ​ចំនួន​នៅ​តាម​ព្រំដែន​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ក្រុម​តាលីបង់​បាន​បង្កើន​ការ​វាយ​លុក​ដណ្ដើម​ការ​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ បន្ទាប់​ការ​ដក​ខ្លួន​កង​ទ័ព​អន្តរជាតិ​ដឹក​នាំ​ដោយ​អាមេរិក​។

កាល​ពី​ថ្ងៃ​ចន្ទ តាលីបង់​បាន​ចូល​កាន់​កាប់​ទីក្រុង​ Aybak ដែល​ជា​ទី​រួម​ប្រជុំ​ជន​របស់​ខេត្ត​ Samangan ភាគ​ខាង​ត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​ការ​ឡោមព័ទ្ធ​ជិត​មួយ​សប្ដាហ៍​។ ដោយ​មិន​មាន​ជំនួយ​ពី​ក្រុង​កាប៊ុល កង​កម្លាំង​មូលដ្ឋាន​បាន​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ​ ហើយ​ក្រុម​តាលីបង់​បាន​ចូល​កាន់​កាប់​ដោយ​មិន​ចាំបាច់​មាន​ការ​ប្រយុទ្ធ​គ្នា​។

ទីក្រុង​ Aybak គឺ​ក្នុង​ចំណោម​ទី​រួម​ខេត្ត​អាហ្វហ្គានីស្ថាន​ចំនួន​ប្រាំ​មួយ​ដែល​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ក្រុម​តាលីបង់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ដោយ​ទីក្រុង​ទី​១​ទើប​តែ​ដួល​រលំ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ហើយ​ទីក្រុង​បួន​ផ្សេង​ទៀត​បាន​ដួល​រលំ​នៅ​ចុង​សប្ដាហ៍​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ John Kirby ​និយាយ​ថា​សហរដ្ឋអាមេរិក​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ចូល​កាន់​កាប់​ទាំង​នេះ​ ប៉ុន្តែ​នៅ​ជឿ​ជាក់​ថា​កង​កម្លាំង​យោធា​អាហ្វហ្គានីស្ថាន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​ក្រុម​ឧទ្ទាម​។

លោក​ Kirby ​និយាយ​ថា​៖ «ទាំង​នេះ​គឺ​ជា​កម្លាំង​យោធា​របស់​ពួកគេ ទាំង​នេះ​គឺ​ជា​ទី​រួម​ខេត្ត​របស់​ពួកគេ ប្រជាជន​របស់​ពួកគេ ដែល​ពួកគេ​ត្រូវ​ការពារ ហើយ​វា​ពិត​ជា​នឹង​ឈាន​ភាព​ជា​អ្នក​ដឹកនាំ ដែល​ពួកគេ​មាន​ឆន្ទៈ​ចង់​បញ្ចេញ​នៅ​ទី​នេះ​ក្នុង​ពេល​ពិសេស​នេះ​»​។

នៅ​ពេល​ត្រូវ​អ្នក​សារព័ត៌មាន​សួរ​ថា​តើ​យោធា​អាមេរិក​អាច​ធ្វើ​អ្វី​បាន​ប្រសិន​បើ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​មិន​អាច​ទប់ទល់​នឹង​ក្រុម​តាលីបង់​ លោក​ Kirby ឆ្លើយ​៖ «មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ​»​។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ថា​បេសកកម្ម​យោធា​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣១ ខែ​សីហា​ ដោយ​លើកឡើង​ថា​ប្រជាជន​អាហ្វហ្គានីស្ថាន​ត្រូវ​តែ​សម្រេច​ចិត្ត​អំពី​អនាគត​របស់​ពួកគេ​ខ្លួន​ឯង ហើយ​លោក​បាន​ប្ដេជ្ញា​មិន​បញ្ជូន​ជនជាតិ​អាមេរិក​មួយ​ជំនាន់​ថ្មី​ទៀត​ឱ្យ​ទៅ​ចូល​រួម​ក្នុង​សង្គ្រាម​រយៈ​ពេល​២០​ឆ្នាំ​នេះ​ទេ​។

ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ មន្ត្រី​សហរដ្ឋអាមេរិក​មួយ​រួប បាន​ប្រាប់​សារព័ត៌មាន​ Reuters ថា ​ខណៈ​ពេល​ដែល​យោធា​អាមេរិក​បាន​ប្រាប់​លោក​បៃដិន​រួច​ហើយ​ថា​ទី​រួម​ខេត្ត​ជា​ច្រើន​នឹង​ដួល​រលំ​ប្រសិន​បើ​មាន​ការ​ដក​ខ្លួន​កងទ័ព​អន្តជាតិ​ ​ពួកគេ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ល្បឿន​នៃ​ការ​ដួល​រលំ​ទីក្រុង​ទាំង​នេះ​។

ក្នុង​រយៈ​ពេល​ដែល​ក្រុម​តាលីបង់​ចូល​កាន់​កាប់​ទីក្រុង​ទាំង​នេះ អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​មិន​លើស​ពី​ដប់​ដង​ ដោយ​ក្នុង​មួយ​ករណី​ពួកគេ​គ្រាន់​តែ​ធ្វើ​ការ​វាយ​ប្រហារ​លើ​កន្លែង​ស្ដុក​ឧបករណ៍​ប៉ុណ្ណោះ​។

ការ​កើន​ឡើង​ការ​វាយ​លុក​របស់​តាលីបង់​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ការ​ដក​កង​ទ័ព​អន្តជាតិ​ចេញ​ពី​អាហ្វហ្គានីស្ថាន​។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​លោក​ Ben Wallace បាន​ប្រាប់​សារព័ត៌មាន​ The Daily Mail ថា​កិច្ចព្រមព្រៀង​រវាង​អាមេរិក​និង​តាលីបង់​កាល​ពី​ឆ្នាំ​មុន​គឺ​ជា​ «កិច្ចព្រមព្រៀង​រលួយ​»​។

កាល​ពី​ឆ្នាំ​មុន​សហរដ្ឋអាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​លោក​ដូណាល់​ ត្រាំ​ បាន​ធ្វើ​ការ​ចរចា​ជា​មួយ​ក្រុម​តាលីបង់​ហើយ​បាន​យល់​ព្រម​ដក​កង​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​ត្រឹម​ខែ​ឧសភា​ ២០២១​។ លោក​បៃដិន​ មាន​ជំហរ​ដូច​លោក​ត្រាំ​ក្នុង​ការ​ដក​ទាហាន​ចេញ​ពី​អាហ្វហ្គានីស្ថាន​ ប៉ុន្តែ​បាន​ពន្យារ​ពេល​រហូត​ដល់​ខែ​សីហា​។

លោក Wallace បាន​និយាយ​ថា​រដ្ឋាភិបាល​អង់គ្លេស​បាន​ព្យាយាម​បញ្ចុះបញ្ចូល​សមាជិក​អង្គការ​ណាតូ​ផ្សេង​ទៀត​ឱ្យ​រក្សា​កង​ទ័ព​ពួកគេ​នៅ​ក្នុង​អាហ្វហ្គានីស្ថាន​ នៅ​ពេល​អាមេរិក​បាន​ចាក​ចេញ​ ប៉ុន្តែ​ផែនការ​នេះ​មិន​បាន​ទទួល​ការ​គាំទ្រ​ទេ​។

លោក​ Wallace បាន​និយាយ​ថា​៖ «ប្រទេស​ខ្លះ​និយាយ​ថា​ពួកគេ​ចាប់​អារម្មណ៍ ប៉ុន្តែ​សភា​របស់​ពួកគេ​មិន​ព្រម​ទេ​។ វា​បាន​បង្ហាញ​យ៉ាង​ឆាប់​រហ័ស​ថា​បើ​គ្មាន​សហរដ្ឋអាមេរិក​ជា​ប្រទេស​ក្រប​ខ័ណ្ឌ​នោះ​ទេ ជម្រើស​ទាំង​នេះ​ត្រូវ​បាន​បិទ​»​។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់​បាន​ច្រាន​ចោល​ការ​អំពាវនាវ​ឱ្យ​ទាហាន​របស់​ខ្លួន​វិល​ត្រឡប់​ទៅ​អាហ្វហ្គានីស្ថាន​វិញ​ បន្ទាប់​ពី​ក្រុម​តាលីបង់​ចូល​កាន់​កាប់​ទីក្រុង​ Kunduz ដែល​ជា​មូលដ្ឋាន​កង​ទ័ព​អាល្លឺម៉ង់​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស​។

យ៉ាង​ណា​មិញ​ គ្រួសារ​ជា​ច្រើន​បាន​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​កាន់​កាប់​ដោយ​តាលីបង់​ ទៅ​កាន់​ទីក្រុង​កាប៊ុល​។ ក្រុម​តាលីបង់​បាន​ចាប់​ផ្ដើម​ធ្វើ​កំណែន​មន្ត្រី​ ​ទាហាន​រដ្ឋាភិបាល​ និង​ប្រជាជន​មាន​ទំនាក់​ទំនង​ជា​មួយ​មន្ត្រី​ឬ​ទាហាន ​ដើម្បី​ចុះ​ឈ្មោះ​ «ប័ណ្ណ​អភ័យឯកសិទ្ធិ​»​។ តាលីបង់​បាន​ព្រមាន​ថា​ប្រសិន​បើ​មាន​អ្នក​ជួយ​រដ្ឋាភិបាល​នៅ​ពេល​អនាគត​ ពួកគេ​នឹង​ត្រូវ​បាន​សម្លាប់​ភ្លាម​ៗ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner