ថៃបើកដៃឲ្យនាវាទេសចរ២គ្រឿងចូលចតវិញ ក្រោយបដិសេធនាវាWesterdam

ថៃ៖ ក្រុមអ្នកដំណើរ និងអ្នកបម្រើការងារទាំងអស់សរុបជាង ៤,០០០នាក់នៅកប៉ាល់ធំៗពីរគ្រឿង ត្រូវបានអាជ្ញាធរថៃអនុញ្ញាតឱ្យចូលចតនៅកំពង់ផែកោះ ភូកេត (Phuket) ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីម្សិលមិញ ពោលគឺបន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលអះអាងថា គ្មានមនុស្សណាម្នាក់ផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ឬកូរ៉ូណាថ្មីឡើយ។

សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅព្រឹកមិញនេះថា កប៉ាល់ ស៊ីប៊ន អូវេសិន (Seabourn Ovation) ដោតទង់ជាតិប្រទេសប៉ាហាម៉ាស់ (Bahamas) ដែលដឹកអ្នកដំណើរ ៤៩៥នាក់ និងបុគ្គលិក ៤៧០នាក់ធ្វើដំណើរចេញពីកោះ ឡាំងកាវី (Langkawi) ប្រទេសម៉ាឡេស៊ីបានចូលចតនៅឯកំពង់ផែ Phuket របស់ថៃ។ អ្នកដំណើរនៅលើកប៉ាល់ភាគច្រើនជាពលរដ្ឋអឺរ៉ុប ត្រូវបានត្រួតពិនិត្យសុខភាព ដោយក្រុមមន្ត្រីសុខាភិបាលថៃមុននឹងអនុញ្ញាតឱ្យចូលចត ហើយកប៉ាល់ Seabourn Ovation នឹងបន្តចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីនាប៉ុន្មានថ្ងៃទៀត។

ចំណែកឯកប៉ាល់មួយគ្រឿងទៀត ក្វាន់ថុម អូហ្វ ដឺ ស៊ី (Quantum of the Seas) ដែលមានផ្ទុកអ្នកដំណើរ និងនាវិកសរុប ៣,១០០នាក់បានចូលចតនៅកំពង់ផែ Phuket ដោយមិនមាននរណាម្នាក់ត្រូវបានគេរកឃើញថា ឆ្លងវីរុសកូរ៉ូណានោះទេ ហើយបន្ទាប់មកទៀត កប៉ាល់នេះក៏នឹងបន្តដំណើរទៅប្រទេសសិង្ហបុរីដូចគ្នាដែរ។

ប៉ុន្តែទន្ទឹមគ្នា ការអនុញ្ញាតរបស់ថៃឱ្យកប៉ាល់ទាំងពីរចូលចតបានបង្កឱ្យមានការរិះគន់ជាច្រើន នៅក្នុងចំណោមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមថា «ជាការអនុវត្តស្ដង់ដាពីរ» បន្ទាប់ពីទីក្រុងបាងកកបានបដិសេធកប៉ាល់ វែស្ទឺរដាម (Westerdam) មិនឲ្យចូលចតនៅកំពង់ផែរបស់ខ្លួន ដោយសារតែព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner