រដ្ឋបាលខេត្តបាត់ដំបង បន្តបិទផ្សារក្នុងស្រុក-ក្រុងចំនួន០៩នៃចំណោមស្រុក-ក្រុងទាំង១៤ក្នុងខេត្តដែលមានទីតាំងផ្សារសរុប ៥៩កន្លែងដែលត្រូវបន្តបិទខ្ទប់មិនឲ្យលក់ដូរ រយៈ ០៧ថ្ងៃបន្ថែមទៀត
រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសំរេចបន្តការបិទខ្ទប់ ផ្អាកការលក់ដូរ នៅតាមបណ្តាផ្សារនានានៅតាមបណ្តាក្រុង-ស្រុកចំនួន០៩ ជាថ្មីបន្ថែមទៀតរយៈពេល០៧ថ្ងៃគឺ៖ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២១។ក្រោយពីបានធ្វើការបិខ្ទប់ផ្អាកការធ្វើអាជីវកម្មលក់ដូរក្នុងផ្សារទាំងនោះអស់រយៈពេល១៤ថ្ងៃកន្លងមក ហើយដែលត្រូវបញ្ចប់ការបិទខ្ទប់នៅថ្ងៃទី១៤ខែសីហាខាងមុខ។
ក្នុងសេចក្តីសំរេចបន្តធ្វើការបិទខ្ទប់នេះ គឺធ្វើឡើង ដើម្បីបន្តនូវវិធានការរដ្ឋបាល ក្នុងការប្រយុទ្ធទប់ស្កាត់នូវការរាលដាលពីជំងឺឆ្លងកូវីដ-19 ដែលស្ថិតក្នុងដែនភូមិសាស្ត្រនៃខេត្តរបស់ខ្លួន។ដោយក្នុងនោះ សម្រេចធ្វើការបិទខ្ទប់ ទីតាំងផ្សារ លក់ដូរនៅក្នុងក្រុងបាត់ដំបង និងតាមបណ្តាស្រុកចំនួន៨ដែលមានទីតាំងផ្សារសរុបចំនួន៥៩ទីតាំង រួមមាន៖ ក្រុងបាត់ដំបង ចំនួន២០ផ្សារ, ស្រុកសង្កែ ចំនួន០៩ផ្សារ, ស្រុកថ្មគោល ចំនួន០២ផ្សារ, ស្រុកមោងឫស្សី ចំនួន០៩ផ្សារ, ស្រុកកំរៀង ចំនួន០២ផ្សារស្រុកឯកភ្នំ ចំនួន០៧ផ្សារ, ស្រុកភ្នំព្រឹក ចំនួន០២ផ្សារ, ស្រុកបវេល ចំនួន០៦ផ្សារនិងស្រុកបាណន់ចំនួន០២ផ្សារ ផងដែរ៕




