ម្ចាស់ក្លិបប្រដាល់គុនខ្មែរថ្មគោល ខណ្ឌពោធិសែនជ័យ អំពាវនាវរកសប្បុរសជនជួយសាងសង់ ក្លិបថ្មីនៅ ស្រុកអង្គស្នួល
កញ្ញា ផល សុវណ្ណតារា អំពាវនាវរកសប្បុរសជនជួយសាងសង់ក្លិបថ្មី នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្មោះក្លិបប្រដាល់គុនខ្មែរថ្មគោលខណ្ឌពោធិសែនជ័យ ឬនិរោធមានជ័យ ដើម្បីមានកន្លែងសម្រាប់កីឡាករ ហ្វឹកហាត់ ស្នាក់នៅត្រឹមត្រូវ ស្ថិតនៅភូមិទួលត្នោត ឃុំពក ស្រុកអង្គស្នួល ខេត្តកណ្តាលបន្ទាប់ពីឪពុកលោកគ្រូ ឯម ចាន់សុផល បានទទួលមរណភាព ។
កញ្ញា សុវណ្ណតារា បានបន្តថា បន្ទាប់ពីឪពុកទទួលមរណភាព ក្លិបប្រដាល់នេះ នាងជាអ្នកទទួលខុសត្រូវទាំងស្រុង ហើយក៏បានប្តូរទីតាំងចាស់ ពីភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកស្រុកអង្គស្នួល ។ បច្ចុប្បន្នទីតាំងថ្មីនេះ បានសាងសង់បានប្រមាណជា២០% ហើយ ដោយ៨០%ទៀតកំពុងជួបនូវបញ្ហាខ្វះខាត ត្រូវការសប្បុរសជនជួយឧបត្ថម្ភជាថវិកាបង្ហើយការសាងសង់ ដើម្បីដឹកនាំបន្តវេនពីឪពុក លោកគ្រូ ឯម ចាន់សុផល ដែលទទួលមរណៈ កាលពីឆ្នាំ២០១៩ ។
ផល សុវណ្ណតារា ជាស្រ្តី និងជាកូនទី៧ ក្នុងគ្រួសារ បញ្ជាក់ទៀតថា ទោះបីខ្វះខាតថវិកាសាងសង់ក្តីក៏ត្រូវពុះពារគ្រប់ឧបសគ្គស្វះស្វែងរកសប្បុរសជនឲ្យជួយឧបត្ថម្ភ ដើម្បីសាងសងក្លិបឲ្យរួចរាល់ ពីព្រោះក្លឹបនេះជាកេរ្តិ៍របស់ឱពុក និងបណ្តាំចុងក្រោយ អោយជួយក្លឹបនេះមានការរីកចំរើន និងកសាងធនធានអោយមានសក្តានុពល ក្នុងវិស័យគុនខ្មែរ បន្តវេនពីគាត់ ។

សូមបញ្ជាក់ថា ក្លិបប្រដាល់គុនខ្មែរថ្មគោលខណ្ឌពោធិ៍សែនជ័យ ឬនិរោធមានជ័យ បានបង្កើត ប្រមាណជា១០ឆ្នាំមកហើយ ដោយលោកគ្រូ ឯម ចាន់សុផល ជាស្ថានិកក្លឹប ប៉ុន្តែលោកបានទទួលមរណៈភាព កាលបីឆ្នាំ២០១៩ ។ បច្ចុប្បន្នក្លិបប្រដាល់គុនខ្មែរមួយនេះ បានប្តូរទីតាំងមកស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបច្ចុប្បន្នកញ្ញា ផល សុវណ្ណតារា ជាអ្នកបន្តវេនដឹកនាំក្លឹបពីឪពុក ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកាចំនួន២លានរៀល សម្រាប់ការសាងសង់ក្លឹបថ្មីនេះផងដែរ ៕











