អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យខេត្តស្រះកែវរបស់ថៃ ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលត្រឡប់មកទឹកដីកម្ពុជាវិញ

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អមដំណើរដោយថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី១៣សីហាឆ្នាំ២០២១ បានជួបពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ របស់ថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។

ក្នុងជំនួបពិភាក្សាលោកអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ដោយសារស្ថានភាពនៃការដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំលែងថ្មីDelta និងមានការបិទព្រំដែនមិនឲ្យពលរដ្ឋចូលមកទឹកដីកម្ពុជា រយៈពេល១៤ថ្ងៃ ដូច្នេះខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ និងស្នើសុំកុំឲ្យមានការបញ្ជូនពលរដ្ឋទាំងនោះមកដោយគំហុកពេក។

លោកអ៊ុ រាត្រី បានស្នើទៀតថា បើភាគីថៃ មានបញ្ហាអ្វី អាចផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលពលរដ្ឋទាំងនោះ តាមវិធានសុខាភិបាល។ ក្នុងជំនួបនោះផងដែរ ភាគីទាំងពីរ ក៏បានឯកភាពជាថ្មីនឹងអនុញ្ញាត្តជាគោលការណ៍រៀបចំការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររុងក្លឿប្រមាណ១ម៉ឺននាក់ ពេលវេលាថ្ងៃណានឹងជូនដំណឹងបន្ថែម ។

ជាមួយគ្នានោះ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ តាមបន្ទាត់ព្រំដែននៃប្រទេសទាំង២ ពិសេសការគ្រប់គ្រងពលករ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគថ្មីDelta ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner