លោក មុត ចន្ថា៖ ថ្នាក់ដឹកនាំបក្សមួយតាមខាំ តាមជេរ តាមចោទ និងតាមលាបពណ៌លោក កឹម សុខា ដាក់ខែ!
ភ្នំពេញៈ លោក មុត ចន្ថា ទំនងជាក្តៅស្លឹកត្រចៀកទ្រាំលែងបានៗ វ៉ៃបកចំៗទៅលើគណបក្សកែទម្រង់កម្ពុជា។ លោកថា ថ្នាក់ដឹកនាំគណបក្សនេះតាមជេរ តាមខាំ ដាក់ខែចំពោះលោក កឹម សុខា។ អ្វីដែលលោក មុត ចន្ថា ប្រតិកម្មទៅរកនេះ គឺសំដៅទៅលើលោក ផាន់ ច័ន្ទស័ក្តិ ដែលគេស្គាល់ថា ជាអតីតមេធាវីការពារលោក កឹម សុខា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា ដែលបានជេរ និងរិះគន់ខ្លាំងៗមកលើលោក កឹម សុខា។

លោក មុត ចន្ថា និងលោក កឹម សុខា
ការប្រើក្បួននាគវ័ធកន្ទុយរបស់មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា លើលោក កឹម សុខា ត្រូវបានលោក មុត ចន្ថា ចោទសួរថា តើមន្រ្តីដែលតាមខាំ តាមជេរ តាមចោទ និងតាមលាបពណ៌លោក កឹម សុខា ម្នាក់នោះ (សំដៅលើលោក ផាន់ ច័ន្ទស័ក្តិ) ត្រូវបានលោក អ៊ូ ចន្ទរ័ត្ន និងលោក ប៉ុល ហំម តែងតាំងឱ្យអនុវត្តបេសកកម្មឆ្កែកាចខាំមិនរើសមុខមែនទេ? តើបក្សនេះគួរដាក់ឈ្មោះ «បក្សជេរបញ្ចោរ» វិញ?។
លោក មុត ចន្ថា ជាមនុស្សជំនិតលោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុកនាថ្ងៃទី១៣ ខែសីហានេះថា គណបក្ស នយោបាយចំនួន៦ គឺៈ ១-គណបក្សឆន្ទៈខ្មែរ (លោក គង់ មូនីកា និងលោកគង់ គាំ)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ)។ ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា)។ ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) ។ ៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) និង ៦-គណបក្សកម្ពុជានិយម «ប.ក» (លោក យ៉ែម បុញ្ញឬទ្ធិ)។ ប៉ុន្តែគេសង្កេតឃើញថា មានបក្សមួយដែលមានថ្នាក់ដឹកនាំតាមជេរដាក់ខែចំពោះលោក កឹម សុខា។ បក្សនេះឈ្មោះ «បក្សកែទម្រង់កម្ពុជា» របស់លោក អ៊ូ ចន្ទរ័ត្ន និងលោក ប៉ុល ហំម។

លោក អ៊ូ ចន្ទរ័ត្ន លោក រៀល ខេមរិន្ទ និងលោក ជីវ កត្តា
លោក ចន្ថា លើកជាសំណួរថា តើមន្រ្តីដែលតាមខាំ តាមជេរ តាមចោទ និងតាមលាបពណ៌លោក កឹម សុខា ម្នាក់នោះ ត្រូវបានលោក អ៊ូ ចន្ទរ័ត្ន និងលោក ប៉ុល ហំម តែងតាំងឱ្យអនុវត្តបេសកកម្មឆ្កែកាចខាំមិនរើសមុខមែនទេ? តើបក្សនេះគួរ ដាក់ឈ្មោះ «បក្សជេរបញ្ចោរ» វិញ? ។ តើបក្សកែទម្រង់កម្ពុជា របស់លោក អ៊ូ ចន្ទរ័ត្ន និងលោក ប៉ុល ហំម ប្រកាន់យក និងគោរពតាមគោលការណ៍ប្រជាធិបតេយ្យទេ ខណៈដែលបក្សនេះមានមន្រ្តីជាន់ខ្ពស់ម្នាក់ពូកែខាងជេរ ប្រមាថ ចោទ និងលាបពណ៌? តើបក្សនេះគួរដាក់ឈ្មោះ «បក្សអសីលធម៌» វិញ?។

លោក គង់ មូនីកា 
លោក គង់ គាំ 
លោក យ៉ែម បុញ្ញឬទ្ធិ
លោក មុត ចន្ថា បន្តថា មានតែបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ចន្ទរ័ត្ន និងលោក ប៉ុល ហំម មួយគត់ដែលជេរប្រមាថ ចោទ និងលាបពណ៌ចំពោះអតីតមេដឹកនាំខ្លួន។ តើបក្សនេះគួរតែដាក់ឈ្មោះ «បក្សអគុណធម៌» វិញ?។ តើលោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម អាចបំពេញតួនាទីជាអ្នកដើរបង្រួបបង្រួមបានទេ ខណៈដែលមន្រ្តីជាន់ខ្ពស់របស់ខ្លួនត្រូវបានគេកត់សម្គាល់ថា មានចរិតអសីលធម៌ និងអគុណធម៌ តាមរយៈការតាមជេរ ប្រមាថ ចោទមួលបង្កច់ និងលាបពណ៌មកលើអតីតមេដឹកនាំខ្លួន? ។ តើលោក អ៊ូ ចន្ទរ័ត្ន មានសីលធម៌ និងគុណធម៌បំពេញតួនាទីជាអ្នកដើរបញ្ចុះបញ្ចូលឱ្យមានការរួមគ្នាទេ បើខ្លួនគាត់អាចត្រូវបានគេមើលឃើញថាបើកដៃ ឬស៊ុមគ្រលុំជាមន្រ្តីអសីលធម៌ និងអគុណធម៌ កំពុងតាមខាំ ជេរ ប្រមាថ លាបពណ៌ មួលបង្កាច់ និងចោទចំពោះអតីតមេដឹកនាំខ្លួននោះ?។

លោក ផាន់ ច័ន្ទស័ក្តិ 
លោក ប៉ុល ហំម 
លោក ថាច់ សេដ្ឋា
ជាការឆ្លើយតប លោក ប៉ុល ហំម មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជាបានថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី១៣ ខែសីហានេះថា គណបក្សកែទម្រង់កម្ពុជា គ្មានគោលការណ៍ជេរគ្នាតាមរបៀបមិនថ្លៃថ្នូរទេ។ ទាំងលោកក្តី (ប៉ុល ហំម) ទាំងលោក អ៊ូ ច័ន្ទរ័ត្ន ក្តី មិនដែលទៅជេរអ្នកណាទេ។ លោកបានបញ្ជាក់ថា “បើរឿងលោក ផាន់ ច័ន្ទស័ក្តិ យើងមិនដឹងទេខ្ញុំធ្លាប់ឃើញ គាត់មានបញ្ហាជាមួយលោក កឹម សុខា តាំងពីមុនគណបក្សកែទម្រង់កម្ពុជា កើតម្ល៉េះ។ ដូច្នេះអារឿងផ្ទាល់ខ្លួនរបស់គេខ្ញុំ មិនលូកដៃចូលទេ។ ប៉ុន្តែបើក្នុងក្របខណ្ឌនៃគណបក្សយើងគ្មានគោលការណ៍អ៊ីចឹងទេ ពីព្រោះយើងធ្វើការដើម្បីជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ មិនមែនដើម្បីជេរគ្នាតាមរបៀបមិនថ្លៃថ្នូរទេ”។
ទំនងជាប្រាប់ទៅលើលោក មុត ចន្ថា វីញ លោក ប៉ុល ហំម បានបញ្ជាក់ជាចុងក្រោយថា “រឿងលោក ផាន់ ច័ន្ទស័ក្តិ និងលោក កឹម សុខា ពីមុនយ៉ាងម៉េចលោកមិនដឹងទេ ហើយមិនមែនរឿងគណបក្សទេ”៕
ដោយៈពលជ័យ