អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលពីស្ថានភាពព្រំដែននិងទទួលពលករខ្មែរប្រមាណ៤០០នាក់ដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកទ្វារតំបន់អូរអន្លក់(សួនស៊ុ)ស្រុកកំរៀង និងស្រុកសំពៅលូន
ពលករខ្មែរដែលជាប់គាំងដោយការបិទខ្ទប់ព្រំដែនទាំង២(កម្ពុជា-ថៃ) រយៈពេល១៤ថ្ងៃកន្លងមកហើយដែលត្រូវបញ្ចប់នៅម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១ សរុបចំនួន២៨៦នាក់ ត្រូវបានអាជ្ញាធរខេត្តច័ន្ទបុរីនិងកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែននៃខេត្តទាំង០២ខេត្តបាត់ដំបង (កម្ពុជា)និងខេត្តច័ន្ទបុរី(ថៃ) រួមនិងរដ្ឋបាលស្រុកជាប់ព្រំដែន និងកងកម្លាំងតាមបន្ទាត់ព្រំដែនបានធ្វើសម្របសម្រួលបញ្ជូននិងទទួលបងប្អូនពលករទាំងនោះចូលមកកាន់ស្រុកកំរៀង ខេត្តបាត់ដំបង នៅចំនុច្រកទ្វារតំបន់ អូរអន្លក់-សួនស៊ុ នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្តជាច្រើនទៀត។
តាមរយៈកិច្ចជំនួបខ្លីរវាងឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងអាជ្ញាធរស្រុកសយដាវ ខេត្តច័ន្ទបុរីរួមនិងកងកម្លាំងថៃឈរជើងតាមព្រំដែនកម្ពុជា-ថៃនៅមុនពេលនៃការបញ្ជូនពលករខ្មែរនិងប្រគល់ឲ្យអាជ្ញាធរនៃខេត្តបាត់ដំបង និងកងកម្លាំងសមត្ថកិច្ចការពារព្រំដែននិងក្រុមគ្រូពេទ្យនៅប្រចាំការតាមមាត់ច្រកចូលមកនោះ។ ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់អាជ្ញាធរនៃខេត្តច័ន្ទបុរី និងកងកម្លាំងទាំងអស់នៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំង២ដែលបានធ្វើកិច្ចសហប្រតិបត្តិការនិងមានទំនាក់ទំនងជាមួយគ្នាបានល្អប្រសើរ ជាពិសេសក្នុងការទប់ស្កាត់ការឆ្លងព្រំដែនក្នុងអឡុងពេលនៃបិទព្រំដែនរវាងប្រទេសទាំង០២កន្លងមកនិងបានថែទាំពលករនិងផ្តល់ទីកន្លែងឲ្យស្នាក់នៅបណ្តោះអាសន្នបានសមរម្យល្អ នៅមុនពេលបញ្ជូនមកកាន់ទីនេះ។ ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនជាពិសេសខេត្តបាត់ដំបងរយៈពេល១៤ថ្ងៃកន្លងមកនេះ ដើម្បីធ្វើការការផ្តាច់និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-19បំប្លែងថ្មីប្រភេទ(Delta)។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសំណូមពរឲ្យខាងភាគីថៃ បន្តនូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតក្នុងការផ្តល់នូវព័ត៌មានឲ្យគ្នាទៅវិញទៅមកក្នុងការដឹកជញ្ជូននិងរកទីតាំងជម្រកបណ្តោះអាសន្ន នៅមុនពេលបញ្ជូនបងប្អូនពលករខ្មែរទាំងនោះ មកឲ្យអាជ្ញាធរកម្ពុជា និងកម្លាំងសមត្ថកិច្ចនៅតាមមាត់ច្រកដើម្បីទទួលយកបងប្អូនទាំងនោះទៅធ្វើការត្រួតពិនិត្យសុខភាពនិងនិងធ្វើតេស្តរហ័ស ដើម្បីរកជម្ងឺឆ្លងកូវីដ-19 បំប្លែងថ្មី ប្រភេទ(Delta) មុននឹងបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កតាមស្រុកជាប់ព្រំដែន រយៈពេល ១៤ថ្ងៃមុននិងបញ្ជូនទៅកាន់ស្រុកកំណើតខ្លួនវិញនិងចំពោះអ្នករកឃើញ (វិជ្ជមាន) បញ្ជូនឲ្យទៅកាន់មណ្ឌលព្យាបាលនៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក របស់ខេត្តបាត់ដំបង ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កងដឹកជញ្ជូនកងពលតូចលេខ៩៩ផងដែរ ដែលបាននាំយករថយន្តកងយោធពលខេមរភូមិន្ទចំនួន០៨គ្រឿងដើម្បីត្រៀមដឹកជញ្ជូនបងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដើម្បីបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក នៅជាប់មាត់ច្រកទ្វារតំបន់អូរអន្លក់(សួនស៊ុ) នៃ ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងនោះផងដែរឯកឧត្តមអភិបាលខេត្តនិងប្រតិភូក៏បាននាំយកអំណោយជាស្បៀងគ្រឿងឧបភោគ-បរិភោគនិងភេសជ្ជៈមួយចំនួនជូនដល់មេបញ្ជាការកងដឹកជញ្ជូនប្រចាំការទីនោះផងដែរ។
សូមបញ្ជាក់ថា៖ការវិលត្រឡប់ពលករ ដែលត្រូវវិលត្រឡប់មកស្រុកកំណើតខ្លួនវិញនេះ មានចំនួនសរុបប្រមាណជិត៤០០នាក់ ដោយក្នុងនោះមកពីច្រកផ្សេងគ្នាចំនួន០២។ ក្នុងនោះ៖មកពីច្រកទ្វារតំបន់ព្រំដែន(អូរអន្លក់-សួនស៊ុ)ក្នុងស្រុកកំរៀង ចំនួន២៨៦នាក់ និងមកពីច្រករបៀង ដែលនៅស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកសំពៅលូន ចំនួន ១១២នាក់។ ពលករដែលចូលមកស្រុកកំណើតវិញទាំងនោះ ត្រូវបានកំណត់នូវវិធានការសុខាភិបាលយ៉ាងម៉ត់ចត់ តាមរយៈការរៀបចំឲ្យចុះឈ្មោះនិងយកវត្ថុសំណាកតេស្តរហ័សក្នុងករណីមានលទ្ធផលវិជ្ជមាន គឺ៖ ក្រុមការងារសុខាភិបាលប្រចាំការទីនោះ បានរៀបចំដាក់ពួកគាត់ឲ្យព្យាបាលនៅតាមណ្ឌលព្យាបាលព្រំដែន ដែលត្រូវបានអាជ្ញាធរខេត្តនិងស្រុកគោលដៅបានកំណត់និងរៀបចំត្រៀមរួចជាស្រេចហើយនោះ នៅតាមបណ្តាស្រុកជាប់ព្រំដែន ក្នុងខេត្ត៕ ( អត្ថបទ -រូបភាព៖ អ៊ុក សំអាន បប )


























