ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល២០ឆ្នាំក្រោមលេសធ្វើសង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វ្កហ្កានីស្ថានវិញដោយទុកឱ្យប្រជាជននៃប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន
រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេស បានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងប្រសេចប្រសាចក្រោម ស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។
អ្វីដែលគួរឱ្យអណោចអធមបំផុតនោះ គឺស្ត្រី និងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹក និងចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម, រូបភាពមនុស្សរងរបួសនិងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។
សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុត និងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។
អានអត្ថបទ៖ “ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឱ្យខ្មែរភ្លេចខ្លួន”