ពិធីប្រកាស ក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះជួយឃុំ គគីរសោម ឃុំស្វាយរំពារ ឃុំព្រៃតាអី និងឃុំពពែត នៃស្រុកស្វាយទាប ខេត្តស្វាយរៀង

នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការបក្សស្រុកស្វាយទាប មានរៀបចំពិធីប្រកាស ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយឃុំ គគីរសោម ឃុំស្វាយរំពារ ឃុំព្រៃតាអី និងឃុំពពែត នៃស្រុកស្វាយទាប ក្រោមអធិបតីឯកឧត្ដម ម៉ក់ សារុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយស្រុកស្វាយទាប និងឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយស្រុកស្វាយទាប តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា។

នៅក្នុងឱកាសនោះ ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីត្ថិ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជូនបងប្អូនថ្នាក់ដឹកនាំឃុំទាំង៤ ព្រមទាំងសមាជិកសមាជិកាក្រុមការងារទាំងអស់ ដែលបានខិតខំអនុវត្តការងារកន្លងមក ព្រមទាំងថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរក្នុងពេលកន្លងមក និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ក់ សារុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយស្រុកស្វាយទាប ក៏បានធ្វើការក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តការផ្តល់សេវាសាធារណ:អោយកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវអនុវត្តអោយល្អប្រសើរនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ខាងមុខ។

លើសពីនេះ ឯកឧត្ដមក៏បានណែនាំអោយអាជ្ញាធរមូលដ្ឋានអនុវត្តគ្រប់វិធានការសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់ថែមទៀត ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ព្រោះបច្ចុប្បន្ន ជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា នៅតែប្រឈមខ្លាំងដដែល។ ដូច្នេះយើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ ស្របតាមតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner