រដ្ឋមន្រ្តីការពារជាតិអង់គ្លេស៖ ក្រុមតាលីបង់ចូលកាន់កាប់អាហ្វហ្គានីបានសម្រេច គឺបង្ហាញពីភាពបរាជ័យរបស់សហគមន៍អន្តរជាតិ
អង់គ្លេស៖ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក បេន វ៉លឡេស បានគូសបញ្ជាក់ថា ក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបានសម្រេច គឺបង្ហាញពីភាពបរាជ័យមួយរបស់សហគមន៍អន្តរជាតិ ។ ការអះអាងបែបនេះធ្វើឡើងស្របពេលទីក្រុងឡុងដ៍ អំពាវនាវអោយមានកិច្ចប្រជុំមួយនៃមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬហៅថា G7 ស្តីពីវិបត្តិនៅអាហ្វហ្គានីស្ថាន ។
លោក បេន វ៉លឡេស បានប្រាប់ទូរទស្សន៍ BBC ថា យើងទាំងអស់គ្នាដឹងថា អាហ្វហ្គានីស្ថានមិនទាន់បញ្ចប់ទេ… វាជាបញ្ហាមិនទាន់បញ្ចប់សម្រាប់ពិភពលោក…ហើយពិភពលោកត្រូវការជួយស្រោចស្រង់វា ។ ប្រមុខការពារជាតិអង់គ្លេសរូបនេះបន្ថែមថា ការងាររបស់បស្ចិមប្រទេសនៅអាហ្វហ្គានីស្ថាន គឺសម្រេចបានតែពាក់កណ្ដាលប៉ុណ្ណោះ… ប្រសិនបើវាជាការបរាជ័យនោះ វាគឺជាការបរាជ័យរបស់សហគមន៍អន្តរជាតិទាំងមូល ។
សូមបញ្ជាក់ថា បន្ទាប់ពីការស្តារអំណាចឡើងវិញរបស់ក្រុមតាលីបង់នោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ក៏បានជំរុញអោយមេដឹកនាំ G7 ពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអាស៊ីខាងត្បូង និងដើម្បីការពារការធ្លាក់ចុះផ្នែកមនុស្សធម៌៕ ប្រភព៖ CGTN



