ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អរគុណរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងផ្ដល់ការគាំទ្រទាំងបច្ចេទេស និង ហិរញ្ញវត្ថុ សម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជា ស្ទើរលើគ្រប់វិស័យ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សម្ដែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែបន្តផ្ដល់ការគាំទ្រទាំងបច្ចេទេស និង ហិរញ្ញវត្ថុ សម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជា ស្ទើរលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហានទី ១ និង ២ ដែលផ្ដោតលើស្ដារ និង កសាងប្រព័ន្ធធារាសាស្រ្ដកសិកម្ម, ការលើកកម្ពស់ពាណិជ្ជូនីយកម្មកសិកម្ម និង ភាពធន់កសិកម្ម ជាដើម ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធ Video Conference នាព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១នេះ។
នៅក្នុងជំនួបនោះដែរ ឯកឧត្តម ឯកអគ្គរាជទូត PABLO KANG បានជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី នូវវឌ្ឍនភាពនៃគម្រោងនានា ដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី ដូចជា៖ គំនិតផ្ដួច-ផ្ដើមភាពជាដៃគូមេគង្គ-អូស្រ្ដាលី , មជ្ឈមណ្ឌលមេគង្គ-អូស្រ្ដាលីសម្រាប់ទឹក និងប្រព័ន្ធធារាសាស្រ្ដ, ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និង ការវិនិយោគកសិ-ចំណីអាហារ ។ ទន្ទឹមនេះ ឯកឧត្តមអគ្គរាជទូត ក៏បានលើកឡើងនូវសំណើផ្តល់គាំទ្រដល់កម្ពុជាលើកិច្ចការមួយចំនួនទៀត ដូចជា៖ ការសិក្សាបុរេសមិទ្ធិក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម, កម្មវិធីពន្លកចំណេះ និង ការគាំទ្រដល់កម្ពុជាក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ។ បន្ថេមពីនេះ ឯកឧត្តមអគ្គរាជទូត ក៏បានជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី អំពីកម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ ដែលមានថវិកាគាំទ្រប្រមាណ ៩០ លានដុល្លារអូស្រ្តាលី និង អាទិភាពសំខាន់ៗ ដែលនឹងផ្តោតសម្រាប់កម្មវិធីជំហានបន្ទាប់នេះ ។
ជាការឆ្លើយតបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសំដែងនូវសេចក្តីរីករាយ និង ការគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសបន្ថែមដល់កម្ពុជា និង កម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់ របស់រដ្ឋាភិបាលអូស្រ្តាលី ផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា អាទិភាពចំពោះមុខរបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និង ការកសាងសមត្ថភាពកម្ពុជា ដើម្បីអាចរស់នៅជាមួយជំងឺកូវីដ-១៩ ក្នុងរយៈពេលមធ្យម និង វែង ហើយអំឡុងពេលនេះ រាជរដ្ឋាភិបាល កំពុងរៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួនបី គឺ ការងើបឡើងវិញ ,កំណែទម្រង់ និង ភាពធន់ ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យដែលរងផលប៉ះពាល់ខ្លាំង ដោយវិបត្តិជំងឺកូវីដ-១៩។
ក្នុងន័យនេះ ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសរបស់រដ្ឋាភិបាលអូស្រ្តាលី គឺមានលក្ខណៈស្របគ្នាទៅនឹងអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់យោបល់ជូន ឯកឧត្តមអគ្គរាជទូត ធ្វើការពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ទាំងនោះមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និង មានភាពប្រទាក់ក្រឡាគ្នា ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណយ៉ាងជ្រាល-ជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអូស្រ្ដាលី តែងតែយកចិត្តទុកដាក់ និង ផ្តល់នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា លើស្ទើរគ្រប់វិស័យ និង ចំទិសដៅ និងជូនពរ ឯកឧត្តម PABLO KANG ឱ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត សម្រាប់ការបំពេញភារកិច្ចនៅកម្ពុជា ព្រមទាំងបានប្រកាសឱ្យមានការចុះហត្ថលេខាធិការលើអនុស្សារណៈនៃការ យោគយល់គ្នាលើគម្រោងនៃការសិក្សាបុរេសមិទ្ធិនៃការបង្កើតសួនកសិ-ឧស្សាហកម្ម រវាងតំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋ-កិច្ចជាតិ និង តំណាងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ។



