លោក ចូ បៃដិន៖ ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន គឺជាភាពវឹកវរដែលជៀសមិនរួច (Video Inside)
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC News នៅថ្ងៃពុធសប្តាហ៍នេះថា រូបលោកមិនបានមើលឃើញពីវិធីសាស្រ្ដដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយគ្មានភាពវឹងវរកើតឡើងឡើយ។
លោក ចូ បៃដិន ដែលកំពុងប្រឈមមុខនឹងការរិះគន់ពីសាធារណជន ជុំវិញការជម្លៀសមនុស្សដ៏ចម្រូងចម្រាស់នោះ បានការពារការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅក្នុងបទសម្ភាសន៍នេះ។ ទន្ទឹមនេះ លោក បៃដិន ក៏បានអះអាងដែរថា នឹងអោយកងទ័ពអាមេរិកបន្តស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថាន រហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ត្រូវបានជម្លៀសចេញ ដែលនេះមានន័យថា ទោះជាត្រូវរក្សាទុកកងទ័ពអាមេរិកលើសពេលកំណត់ដកចេញត្រឹមថ្ងៃទី៣១ ខែសីហានេះក៏ដោយ។
រហូតមកទល់ពេលនេះ កងទ័ពអាមេរិក១ម៉ឺន៥ពាន់នាក់កំពុងបន្តស្ថិតនៅក្នុងទឹកដីរបស់អាហ្វហ្កានីស្ថាន ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសនេះកាលពីចុងសប្ដាហ៍មុន ហើយបើតាមការគ្រោងទុកនោះ កងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញឱ្យបានមុនថ្ងៃទី៣០ ខែសីហានេះ ពោលគឺធ្វើយ៉ាងណាឱ្យបានមុនខួបមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕ ប្រភព៖ CGTN & Reuters


