អធិការនគរបាលខណ្ឌដូនពេញ បានបង្ហាញមុខក្រុមចោរឆក់ចំនួន ១១នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពឆក់ យ៉ាងសកម្ម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អធិការនគរបាលខណ្ឌដូនពេញ បានរៀបចំធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមចោរឆក់ចំនួន ១១នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពឆក់ យ៉ាងសកម្មក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏ដូចជាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល។ដោយធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ។

លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺមានរយៈពេល៤ថ្ងៃមកហើយដែលកម្លាំងនគរបាលជំនាញរបស់ ខណ្ឌដូនពេញ បានស្រាវជ្រាវទាំងយប់ ទាំងថ្ងៃ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ រួមនឹង ម៉ូតូធ្វើសកម្មភាពចំនួន ៦គ្រឿង នៅទីតាំងផ្សេងគ្នា ដែលជនសង្ស័យបានព្យាយាមរត់គេច ខ្លួនពីកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

លោក អធិការ បានបន្តទៀតថា ក្រោយពីបានទទួលបាន បទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញរបស់លោក បានធ្វើការស្រាវជ្រាវរហូតឈានដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ កាលពីវេលាម៉ោងជាង ១០យប់មិញនេះ ទើបសមត្ថកិច្ចយើងបាន បញ្ចប់ប្រតិបត្តការណ៍ ស្រាវជ្រាវ។

លោក វរសេនីយ៍ត្រី អ៉ីម ផល្គុន នាយផ្នែកនគរបាលយុត្តិធម៌ បានឲ្យដឹងថាក្នុងប្រតិបត្តការណ៍នេះកម្លាំងសមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូចំនួន ៦គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់។ បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមនិង ម៉ូតូធ្វើសកម្មភាពទាំង៦គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់បណ្ដោះអាសន្ន នៅអធិការនគរបាលខណ្ឌដូនពេញ កសាងសុំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ធ.ដ

ដោយ៖ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner