ស្ត្រីម្នាក់បើករថយន្ត បុករះរថយន្តផ្សេងទៀតជាបន្តបន្ទាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ស្រ្តីម្នាក់បើករថយន្តម៉ាករ៉េងរ៉ូវើ មួយគ្រឿងទៅបុកស្ត្រីម្នាក់ខណៈកំពុងឈរទិញអីហូបបណ្ដាលឲ្យរងរបួសធ្ងន់ រួចព្យាយាមបើករត់ទៅបុកម៉ូតូសមត្ថកិច្ចមួយគ្រឿងទៀតកិនជាប់ត្រូវបានសមត្ថកិច្ចឃាត់ជាប់ នៅវេលាម៉ោង១០ យប់ថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១កែងនឹងផ្លូវ ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមរៀបតាប់ប្រភពពីបុរសម្នាក់ដែលឃើញហេតុការណ៍នេះបានឲ្យដឹងថាមុនកើតហេតុគេឃើញស្ត្រីម្នាក់កំពុងឈរទិញ អីហូបនៅកន្លែងកើតហេតុខាងលើ ខណៈនោះក៏មានរថយន្តម៉ាករ៉េងរ៉ូវើ ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AR-3389បើកបរដោយស្ត្រីរូបស្រស់ទៅបុកពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។
ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបើករត់ត្រូវបានប្រជាពលរដ្ឋធ្វើការដេញពីក្រោយរហូតមកដល់ចំណុចមុខផ្សារញ៉ែ តាមបណ្តោយផ្លូវ ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ផ្អើលដល់សមត្ថកិច្ចដល់ចុះមកអន្តរាគមន៍ និងស្ទាក់ចាប់រថយន្តបង្ក តែនារីរូបស្រស់បើករថយន្តបង្កមិនបានឈប់នោះទេ ដោយបានព្យាយាមបើករត់បន្តទៅមុខទៀតកិនម៉ូតូសមត្ថកិច្ចមួយគ្រឿង តែត្រូវបានសមត្ថកិច្ចឃាត់ជាប់ហើយខណៈដែលសមត្ថកិច្ចកំពុងតែសួរនាំហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះស្រាប់តែនារី រូបស្រស់បើករថយន្តរត់បន្តទៀតដោយសារតែមានរថយន្តជាច្រើនគ្រឿងនៅខាងមុខឈប់បន្តកន្ទុយគ្នា ខណៈភ្លើងស្តុបនៅខាងមុខប្រហមទើបទៅមុខលែងរួច ។
បន្ទាប់មកសមត្ថកិច្ចបានឃាត់ទាំងរថយន្តនិងអ្នកបើកបរបានភ្លាមៗខណៈនោះដែរគេសង្កេតឃើញមានតែតំណាងខាងភាគី រថយន្តបង្កចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុដើម្បីសុំអ្នកបើកបរយកត្រឡប់យកទៅផ្ទះវិញ តែសាច់ញាតិជនរងគ្រោះមិនព្រមនោះទេ ដោយទុកជនបង្កប្រគល់ជូនជំនាញចាត់ការបន្តតាមនីតិវិធី ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកដល់បានយកធ្វើការវាស់វែងរថយន្តនិងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

