សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ នៅព្រឹកនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ត្រូវចាប់ផ្តើមបើកការដ្ឋានស្តារ និងសាងសង់ឡើងវិញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯ,ឧ ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការយឺតយ៉ាវក្នុងការចាប់ផ្តើមសាងសង់ផ្លូវនេះ ដោយសារការសិក្សាដំបូងកំណាត់ផ្លូវជាតិនេះនឹងត្រូវសាងសង់ចាប់ពីរង្វង់មូលកួរស្រូវ ដល់អង្គតាសោម តែប៉ុណ្ណោះ។ ប៉ុន្តែដោយពិនិត្យឃើញពីកំណើនការអភិវឌ្ឍ និងទំហំចរាចរណ៍ ចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលកួរស្រូវ ទើបភាគីកម្ពុជា បានស្នើសុំទៅភាគីកូរ៉េខាងត្បូង សិក្សាបូកបន្ថែមការសាងសង់កំណាត់ផ្លូវជាតិនេះទៅក្នុងគម្រោងទាំងមូល។

ឯ,ឧ រដ្ឋមន្ត្រី បន្តថា ការដាក់ចេញគម្រោងថ្មីនេះ ទាមទារការរៀបចំនីតិវិធី និងបែបបទនានា ដើម្បីទទួលបានហិរញ្ញប្បទានបន្ថែមពីដៃគូអភិវឌ្ឍន៍ ដែលធ្វើឱ្យមានការយឺតយ៉ាវដល់ការចាប់ផ្តើមសាងសង់។ ឯ,ឧ ទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រោយពេលស្តារឡើងវិញ ផ្លូវជាតិខាងលើនេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-ទិញបៀន) ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច។

ដោយឡែកទំហំចរាចរណ៍ធ្វើដំណើរតាមរយៈផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ នឹងបានធូរស្រាលមួយកម្រិតថែមទៀត ប្រសិនបើប្រជាពលរដ្ឋជ្រើសរើសយកការធ្វើដំណើរទៅកាន់ខេត្តទាំងនេះ តាមរយៈផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner