ជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ បានចេញពីមន្ទីរពេទ្យហើយក្រោយព្យាបាលជាសះស្បើយ
កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២០ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង និងឯ.ឧ សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំខេត្តព្រះសីហនុ, តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងស្ថានទូតចិននៅកម្ពុជា បានអញ្ជើញចុះពិនិត្យផ្ទាល់ពីស្ថានភាពបុរសជនជាតិចិន នៅខេត្តព្រះសីហនុ មុនអនុញ្ញាតឲ្យគាត់ចាកចេញពីមន្ទីរពេទ្យ។
បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យព្យាបាលយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បុរសជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ បានជាសះស្បើយនិងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីការធ្វើតេស្ដ លើកទី៣ បង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណា ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់ថា សម្រាប់ក្រុមគ្រួសាររបស់បុរសជនជាតិចិនរូបនេះ ៣នាក់ផ្សេងទៀត ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញជួបជុំគ្រួសារ ក្រោយពីពួកគេត្រូវបានតាមដាន ពុំមានរោគសញ្ញាវីរុសកូរ៉ូណា។
ឯ.ឧ បានកោតសរសើរចំពោះមន្ត្រីទាំងឡាយដែលបានខិតខំយកចិត្តទុកដាក់ក្នុងព្យាបាលអ្នកជំងឺរហូតបានជាសះស្បើយនាពេលនេះ។តែយ៉ាងណាត្រូវតែប្រុងប្រយត្ន័ដើម្បីសុខភាពទាំងអស់គ្នា។
ជាមួយនេះដែរ ទូតចិននិងលោក ចា ជិនហួ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជានិងគ្រូពេទ្យកម្ពុជាដែលបានព្យាបាលពួកគេយ៉ាងយកចិត្តទុកដាក់។
គួររំលឹកថាជនជាតិចិនរូបនេះមានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងបានដាក់ឱ្យសម្រាកព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕








