ការអនុវត្ត ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ ដើម្បីបញ្ជៀសនូវការឆ្លងជំងឺ Covid-19 ទោះបីអាជ្ញាធរបានបិទបញ្ចប់បម្រាមគោចរ និងវិធានការមួយចំនួនក៏ដោយ
ភ្នំពេញ៖ លោក ថេង សុថុល បានលើកឡើងថា ការអនុវត្ត ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ ដើម្បីបញ្ជៀសនូវការឆ្លងជំងឺ Covid-19 ទោះបីអាជ្ញាធរបានបិទបញ្ចប់បម្រាមគោចរ និងវិធានការមួយចំនួនក៏ដោយ ។ នេះជាការលើកឡើងរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋខ្វះខាតសរុប ៣៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន អភិបាលរង មន្ត្រីនៃរដ្ឋបាលខណ្ឌ សង្កាត់ផងដែរ ។
នៅក្នុងឱកាសនេះ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯ,ឧ ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូន ចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេច តែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។
លោកអភិបាលខណ្ឌ ក៏បានសំណូមពរឲ្យចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាល ជូនប្រជាពលរដ្ឋ ព្រោះមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ បើមករកមន្ត្រីខណ្ឌ-សង្កាត់ ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មកលោកភ្លាម ដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ ។
លោកប្រធានអនុសាខា ក៏បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបម្លែងថ្មី ដែលតា ដែលកំពុងតែចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញយើងនេះ ។
អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស និងថវិកាមួយចំនួនផងដែរ ៕ ដោយប៊ុនធី និងវណ្ណលុក