សមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ២គ្រួសារ ក្នុងសង្កាត់ឫស្សីកែវ
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ, កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ លោកនាយ នាយរងប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍ ចុះសួរសុខទុក្ខ និងនាំយកថវិកាសមាគមអតីតយុទ្ធជន ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានឱ្យដឹងថា ក្រុមគ្រួសារ អតីតយុទ្ធជន ចំនួន ០២គ្រួសារនេះរួមមាន ៖ ទី១-គ្រួសារ លោកស្រី ខៀវ សាម៉ាត់ (គ្រួសារពលី) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ និងទី២-គ្រួសារ លោក ជិន រិទ្ធី (និវត្តជន) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានទទួលមរណៈភាព កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុង១គ្រួសារ ប្រគល់ជូនទឹកប្រាក់ចំនួន ៤លានរៀល ជាថវិការបស់សមាគមអតីតយុទ្ធជនកម្ពុជាទាំងមូល ជូនដល់គ្រួសារអតីតយុទ្ធជន ។
ជាមួយគ្នានោះដែរ លោកអធិការ ក៏បាននាំមកជូននូវអង្ករចំនួន ២៥គីឡូក្រាម, ទឹកសុទ្ធចំនួន ០២កេសធំ, ភេសជ្ជៈចំនួន ០២កេស, ទឹកត្រីចំនួន ០២យួរ, ទឹកស៊ីអ៉ីវចំនួន ០២យួរ និងម៉ាស់ចំនួន ០៤ប្រអប់ ប្រគល់ជូនគ្រួសារអតីតយុទ្ធជនផងដែរ ៕ ដោយ ប៊ុនធី និងវណ្ណលុក