ជប៉ុនផ្តល់ជំនួយអគារមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល និងកន្លែងស្តុកត្រជាក់ដល់សហគមន៍អ្នកផលិតបន្លែផ្លែឈើក្នុងខេត្តមណ្ឌលគិរី
អគារមជ្ឈមណ្ឌលស្តុបបន្លែផ្លែឈើ សង់ឡើងរួចរាល់ជាស្ថាពរ តាមលក្ខណ:ស្តង់ដារជប៉ុន និងដាក់ឲ្យសហគមន៍ផលិតបន្លែផ្លែឈើខេត្តមណ្ឌលគិរី ប្រើប្រាស់ជាផ្លូវការ ដើម្បីរក្សាគុណភាពបន្លែផ្លែឈើធម្មជាតិ ផ្គត់ផ្គង់ដល់អ្នកទទួលទិញ និងអតិថិជនតាមគោលដៅផ្សេងៗ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងថា អគារមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល និងកន្លែងស្តុកត្រជាក់នេះ គឺជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ អគារនេះអាចជួយសម្រួលដល់បងប្អូនប្រជាកសិករ ដែលផលិតបន្លែផ្លែឈើតាមបែបធម្មជាតិ អាចរក្សាទុកផលិតផលរបស់ពួកគាត់ បានរយៈពេលយូរ ដើម្បីធ្វើការផ្គត់ផ្គង់ទៅដល់ទីផ្សារសំខាន់ៗ ដែលទទួលទិញនៅក្នុងប្រទេសកម្ពុជា។
លោកប្រធានមន្ទីរដដែល បានបញ្ជាក់ថា អគារមជ្ឈមណ្ឌលនេះ អាចឱ្យប្រជាកសិករធ្វើការលាងសម្អាតបន្លែផ្លែឈើ និងរៀបចំទុកដាក់ឱ្យមានរបៀប និងមានសណ្ដាប់ធ្នាប់ រួមទាំងមានបន្ទប់សម្រាប់ធ្វើការក្លាស្សេ រក្សាគុណភាពបានយូរ។
បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានសហគមន៍អ្នកផលិតបន្លែផ្លែឈើទាំងអស់ចំនួន ៣៨សហគមន៍ ដែលកំពុងផលិតបន្លែធម្មជាតិ ដោយក្នុងមួយថ្ងៃគាត់អាចធ្វើការប្រមូលបន្លែបង្ការ ប្រមាណជិត១តោន សម្រាប់ផ្គត់ផ្គង់ទៅដល់អតិថិជន។ ការសាងសង់អគារមជ្ឈមណ្ឌល សម្រាប់ស្តុបបន្លែផ្លែឈើនេះគឺមានប្រយោជន៍ខ្លាំងណាស់ នៅពេលដែលបន្លែផ្លែឈើរបស់ប្រជាកសិករ មិនអាចលក់អស់ នៅក្នុងរយៈពេលឆាប់ គឺអាចយកមករក្សាទុកនៅទីនេះដោយមានបរិក្ខារសម្ភារៈ និងការរៀបចំទុកដាក់ស្របទៅតាមស្តង់ដារគុណភាពខ្ពស់ ក្នុងរយៈពេលយូរសម្រាប់ធ្វើការផ្គត់ផ្គង់នៅពេលក្រោយ៕សរន


