មន្ទីរព្យាបាលជម្ងឺកូវីដ-១៩កំរឹតធ្ងន់សម្រាប់ថ្នាក់តំបន់ កំពុងតម្លើងជិតរួចរាល់ហើយនៅសៀមរាប
សៀមរាប ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា បើទោះជាកម្ពុជាកំពុងស្ថិតក្រោមនិន្នាការថយចុះ នៃការឆ្លងជម្ងឺកូវីដ១៩ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាកសាំងនោះ ការរៀបចំឲ្យមានមន្ទីរព្យាបាលកូវីដ-១៩ថ្មីបន្ថែមទៀត សម្រាប់ទទួលអ្នកជម្ងឺកំរឹតធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប គឺជាយុទ្ធសាស្រ្តប្រៀបឈ្នះរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ទីរព្យាបាលជម្ងឺកូវីដ១៩កំរឹតធ្ងន់ ដែលមានចំណុះគ្រែអ្នកជម្ងឺចំនួន៤០០គ្រែ ត្រូវបានកំពុងដំណើរការតម្លើងជិតរួចរាល់ហើយ។ ឧបករណ៍សម្ភារៈវេជ្ជសាស្រ្តដែលត្រូវបំពាក់តាមគ្រែអ្នកជម្ងឺនោះ ក៏បានដឹកជញ្ជូនដល់មន្ទីរព្យាបាលនោះហើយដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា នេះគឺជាយុទ្ធសាស្រ្តត្រៀមបង្ការរបស់ប្រមុខនៃរាជរដ្ឋាភិបាល។ មន្ទីរព្យាបាលជម្ងឺកូវីដ-១៩កំរឹតធ្ងន់មួយនេះ គឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់សម្រាប់ថ្នាក់តំបន់ ក្នុងនោះអ្នកជម្ងឺកូវីដ-១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាលនៅទីនេះ រួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវភាពកក់ក្តៅជាទីបំផុត ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានសហការជាមួយក្រសួងសុខាភិបាល សម្របសម្រួលផ្តល់ទីតាំង សាលមហោស្រព អង្គរ-កូអ៊ិច ស្ថិតនៅលើអតីតតំបន់ពិព័រណអង្គរ-ឃ្យុងយូ(ក្រុងសៀមរាប) ដែលជាទីតាំងដ៏ល្អសម្រាប់ការរៀបចំមន្ទីរព្យាបាលមួយនេះ។
សេចក្តីបញ្ជាក់បានបន្ថែមដែរថា បើទោះជាការឆ្លងជម្ងឺកូវីដ-១៩ កំពុងស្ថិតក្នុងនិន្នាការនៃការថយចុះ ក៏ប៉ុន្តែមិនមែនមានន័យថា ការព្រួយបារម្ភត្រូវបានកាត់បន្ថយនោះឡើយ វីរ៉ុសបំប្លែងថ្មី Delta កំពុងចរាចរណ៍ចូលក្នុងសហគមន៍នៃបណ្តាខេត្តក្រុងចំនួន២៣នៃប្រទេសកម្ពុជា លើកលែងតែ២ខេត្តប៉ុណ្ណោះ ដែលក្រសួងជំនាញត្រូវមានវិធានការដឹកនាំគ្រប់គ្រងវាឲ្យបាន ដែលក្នុងនោះសំខាន់បំផុត ការអនុវត្តទាំងអស់គ្នា វិធានការ ៣ការពារ និង៣កុំ ៕ ដោយ ស៊ាន សុផាត