អង់គ្លេសជំរុញអោយដាក់ទណ្ឌកម្មលើក្រុមតាលីបង់នៅក្នុងកិច្ចប្រជុំប្រទេស G7
អង់គ្លេស៖ ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា អង់គ្លេសមានផែនការជំរុញមេដឹកនាំពិភពលោកអោយពិចារណាលើការទណ្ឌកម្មថ្មីដល់ក្រុមតាលីបង់ នៅពេលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុត G7 ជួបប្រជុំគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាពីវិបត្តិនៅអាហ្វហ្គានីស្ថាន។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ដែលបច្ចុប្បន្នដឹកនាំក្រុមប្រទេស G7 ដែលរួមមាន៖ សហរដ្ឋអាមេរិក អ៊ីតាលី បារាំង អាល្លឺម៉ង់ ជប៉ុន និងកាណាដាបានអំពាវនាវខាងលើនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ សម្រាប់កិច្ចប្រជុំតាមអនឡាញ បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័ស។ លោក ចនសុន បានបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ ដែលសហគមន៍អន្តរជាតិត្រូវធ្វើការរួមគ្នា ដើម្បីធានាការជម្លៀសមនុស្សប្រកបដោយសុវត្ថិភាព ការទប់ស្កាត់វិបត្តិមនុស្សធម៌ និងគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន ដើម្បីទទួលបានផលចំណេញក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះ អង់គ្លេសជឿជាក់ថា ក្រុមប្រទេស G7 គួរតែពិចារណាលើទណ្ឌកម្មសេដ្ឋកិច្ច និងបញ្ឈប់ជំនួយ ប្រសិនបើក្រុមតាលីបង់ប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងអនុញ្ញាតអោយទឹកដីរបស់ខ្លួនត្រូវបានប្រើជាជម្រករបស់ពួកសកម្មប្រយុទ្ធ។ ទោះជាយ៉ាងណា អ្នកការទូតប្រទេសលោកខាងលិចម្នាក់បាននិយាយថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមតាលីបង់ទំនងជាមិនត្រូវបានអនុម័តភ្លាមៗនោះទេ៕ ប្រភព៖ Reuters


