លោក ដូណាល់ ត្រាំ រិះគន់សាជាថ្មីលើលោក ចូ បៃដិន ជុំវិញការបរាជ័យដែលបណ្តោយអោយអាហ្វហ្គានីស្ថានធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមតាលីបង់

អាមេរិក៖ អតីត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើ​ការ​វាយ​ប្រហារ​លើ​អ្នកស្នងតំណែងរបស់លោក គឺលោក​ ចូ បៃដិន ពាក់ព័ន្ធនឹង​ការ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​​ ដែល​លោក​ហៅ​ថា ជា​រឿង​អាម៉ាស់​មុខបំផុតនៃ​​​​​គោលនយោបាយ​ការបរទេស​​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​សហរដ្ឋអាមេរិក។

នៅ​​ក្នុង​ការ​ជួប​ជុំ​​អ្នក​គាំទ្រ​របស់​ខ្លួននៅ​ជិត Cullman រដ្ឋ Alabama លោក ដូណាល់ ត្រាំ បាននិយាយថា ការ​ចាក​ចេញ​ដ៏​វឹក​វរ​របស់លោក​​ បៃដិន​​​ ពី​អាហ្វហ្គានីស្ថាន ​គឺ​​​បង្ហាញ​​ពី​ការ​​ភ្ញាក់​ផ្អើល​បំផុត​នៃ​អសមត្ថភាព​​របស់​មេ​ដឹក​នាំ​ប្រទេស​មួយ។ លោក ត្រាំ បន្ថែមថា នេះ​មិន​មែន​ជា​ការ​ដក​ទ័ព​ទេ… នេះ​គឺ​ជា​កា​រ​ចុះ​ចាញ់ទាំង​ស្រុង… យើង​អាចចាក​ចេញ​ដោយ​កិត្តិយស… យើង​គួរ​ចាក​ចេញ​ដោយ​កិត្តិយស… ផ្ទុយ​ទៅ​វិញ យើង​ទទួល​បាន​លទ្ធផល​ផ្ទុយ​ពី​កិត្តិយស។

សូមបញ្ជាក់ថា មេ​ដឹក​នាំ​តាលីបង់​កំពុង​ត្រៀម​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ក្រោយ​កម្លាំង​ទ័ព​របស់​ពួក​គេ​កាន់កាប់​ប្រទេសអាហ្វហ្គានីស្ថាន ស្រប​ពេល​​​​​កម្លាំង​ទ័ព​ដឹក​នាំ​ដោយ​អាមេរិក​បាន​ដក​ចេញ បន្ទាប់ពី​​បំពេញ​បេសកកម្មរយៈ​ពេល​២០​ឆ្នាំ។ ជុំវិញ​បញ្ហា​នេះ លោក ចូ បៃដិន បានរិះ​​គន់​កង​ទ័ព​អាហ្វហ្គានីស្ថាន​ចំពោះការ​បដិសេធ​ប្រយុទ្ធ និងបាន​ថ្កោល​ទោសរដ្ឋាភិបាលក្រុងកាប៊ុល ដែល​ត្រូវ​បាន​បណ្តេញ​ចេញ និង​ប្រកាស​ថា លោក​ទទួល​កិច្ច​ព្រម​ព្រៀង​ដក​ទ័ព​ដ៏​អាក្រក់​ពី​លោក ត្រាំ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner