លោក ចូ បៃដិន សន្យាជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានដោយសុវត្ថិភាព ក្រោយក្រុមតាលីបង់បង្កការគំរាមកំហែងនៅអាកាសយានដ្ឋានក្រុងកាប៊ុល
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា ប្រទេសរបស់លោកមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានងាយរងគ្រោះចេញពីប្រទេសនេះដោយសុវត្ថិភាព ស្របពេលដែលក្រុមតាលីបង់កំពុងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។
លោក ចូ បៃដិន បានថ្លែងនៅឯសេតវិមានថា ការជម្លៀសមនុស្សរាប់ពាន់នាក់ពីទីក្រុងកាប៊ុល បាននឹងកំពុងប្រព្រឹត្តិទៅយ៉ាងពិបាក និងពោលពេញដោយការឈឺចាប់… ហើយវានឹងមិនមានបញ្ហាទេនៅពេលវាចាប់ផ្តើម។ យើងមានផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ… ហើយអ្វីៗជាច្រើននៅតែអាចខុស។ បន្ថែមលើនេះ លោក បៃដិន បានអះអាងថា លោកបានបញ្ជាដោយផ្ទាល់អោយក្រសួងការបរទេសអាមេរិកទាក់ទងជាមួយពលរដ្ឋអាមេរិក ដែលកំពុងជាប់គាំងនៅអាហ្វហ្គានីស្ថានតាមទូរស័ព្ទដៃ សារអេឡិចត្រូនិក (E-mail) និងមធ្យោបាយដទៃទៀត ដោយរដ្ឋបាលរបស់លោកមានផែនការជម្លៀសពួកគេទាំងអស់ចេញពីអាកាយានដ្ឋានក្រុងកាប៊ុល។
គួរកត់សម្គាល់ ក្រុមតាលីបង់ដែលបានគ្រប់គ្រងអាហ្វហ្គានីស្ថានជាថ្មីកាលពីសប្ដាហ៍កន្លងទៅ ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដកទ័ពចេញពីសង្គ្រាមអស់រយៈពេល២០ឆ្នាំមកនេះ បានបាញ់ព្រមានទៅលើអាកាស និងប្រើដំបងដើម្បីបណ្ដេញមនុស្សចេញពីអាកាសយានដ្ឋាន ហើយនៅក្នុងភាពចលាចលនេះ បានបណ្ដាលអោយមនុស្ស៧នាក់បាត់បង់ជីវិត ៕ ប្រភព៖ Reuters


