ការប៉ះទង្គិចផ្ទុះឡើងនៅភាគខាងជើងអាហ្វហ្គានីស្ថាន ខណៈកងកម្លាំងប្រឆាំងតាលីបង់ប្រមូលផ្ដុំជាចលនាតស៊ូ

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៌​មុន ​ក្រុម​ចលនា​តស៊ូ​បាន​ប៉ះទង្គិច​ជា​មួយ​តាលីបង់​ហើយ​បាន​វាយ​ដណ្ដើម​ស្រុក​ចំនួន​បី​ ខណៈ​ពេល​ដែល​កង​កម្លាំង​ប្រឆាំង​តាលីបង់​ជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ចលនា​តស៊ូ​នៅ​តំបន់​ជ្រលង​ភ្នំ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​។

​វីដេអូ​ជា​ច្រើន​បង្ហោះ​​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​បង្ហាញ​អំពី​ការ​ប្រយុទ្ធ​នៅ​ខេត្ត ​Baghlan រវាង​ក្រុម​តាលីបង់​ និង​ក្រុម​ប្រឆាំង​ ដែល​មាន​មូលដ្ឋាន​នៅ​ជ្រលង​ភ្នំ​ Panjshir ​ជាប់​ខេត្ត​នោះ​។ ក្រោយ​មក​គេ​មាន​ការ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ក្បួន​រថយន្ត​យោធា​ផលិត​ដោយ​អាមេរិក ប៉ុន្តែ​មាន​ទង់​របស់​តាលីបង់​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ជ្រលង​ភ្នំ​ Panjshir​។

នៅ​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ កងជីវពល​តាម​មូលដ្ឋាន​នានា​ក៏​បាន​ចាប់​ផ្ដើម​ប្រឆាំង​ការ​គ្រប់គ្រង​របស់​តាលីបង់​។

នេះ​គឺ​ជា​ការ​ប៉ះទង្គិច​លើក​ដំបូង​នៅ​អាហ្វហ្គានីស្ថាន​តាំង​ពី​ពេល​ដែល​ក្រុម​តាលីបង់​ចូល​កាន់​កាប់​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​១៥​ខែនេះ​។

ខណៈ​ពេល​ដែល​កងទ័ព​និង​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ភាគច្រើន​បាន​ដួល​រលំ​ គេ​សង្កេត​ឃើញ​ថា​មាន​បំណែក​មួយ​កង​ទ័ព​បាន​ធ្វើ​ការ​ដក​ថយ​ចូល​ជ្រលង​ភ្នំ​ Panjshir នៅ​ខាង​ជើង​ប្រទេស ដោយ​ប្ដេជ្ញា​ថា​នឹង​បន្ត​ការ​ប្រយុទ្ធ​ចេញ​ពី​ខេត្ត​តែ​មួយ​គត់​ដែល​មិន​រង​ឥទ្ធិពល​ពី​តាលីបង់​។

មេដឹកនាំ​ចលនា​តស៊ូ​រួមមាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​រដ្ឋាភិបាល​ដែល​ដួល​រលំ​លោក​ប៊ីសមីឡា ខាន ម៉ូហាម៉ាឌី​ និង​លោក​អនុ​ប្រធានាធិបតី​អាំរុឡា​ សាឡេះ​ ដែល​អះអាង​ថា​លោក​ជា​មេដឹកនាំ​ស្រប​ច្បាប់ ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាស្រាហ្វ ហ្គានី បោះបង់​ចោល​ភារកិច្ច​ហើយ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា។

មេដឹកនាំ​ទាំង​ពីរ​នេះ​គឺ​ពឹង​ផ្អែក​លើ​កង​កម្លាំង​គ្រប់គ្រង​ដោយ​លោក​អាមេដ​ ម៉ាស៊ូដ ជា​កូន​ប្រុស​របស់​មេបញ្ជាការ​ដ៏​ល្បីល្បាញ​គឺ​លោក​អាមេដ​ សា ម៉ាស៊ូដ ដែល​កាល​ពី​ទសវត្ស​ឆ្នាំ ១៩៩០ បាន​ការពារ​ខេត្ត​ Panjshir ពី​ការ​ឈ្លាន​ពាន​របស់​សហភាព​សូវៀត និង​តាលីបង់​ មុន​ពេល​លោក​ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ក្រុម​អាល់កៃដា​កាល​ពី​ឆ្នាំ​ ២០០១​។ ឥឡូវ​នេះ​ចលនា​តស៊ូ​បាន​អះអាង​ថា​លោក​ម៉ាស៊ូដ​គ្រប់គ្រង​ទាហាន​យ៉ាង​ហោច​ណាស់​ ៩០០០ ​ភាគច្រើន​ជា​ទាហាន​កង​កុម្ម៉ង់ដូ​ និង​ទាហាន​កង​ជីវពល​មូលដ្ឋាន​ ដែល​មិន​ព្រម​ទទួល​យក​ការ​ចុះ​ចាញ់​។

ខណៈ​ពេល​ដែល​កង​កម្លាំង​ដែល​បាន​វាយ​លុក​នៅ​ខេត្ត​Baghlanគឺ​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ម៉ាស៊ូដ​ កង​កម្លាំង​នេះ​បាន​វាយ​ប្រហារ​ក្រុម​តាលីបង់​ដោយ​ខ្លួន​ឯង​ដោយ​មិន​ពាក់ព័ន្ធ​កង​កម្លាំង​របស់​លោក​ម៉ាស៊ូដ​។ កាល​ពី​ថ្ងៃ​អាទិត្យ​លោក​ម៉ាស៊ូដ​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ការ​ចរចា​ដោយ​សន្តិវិធី​ជាមួយ​តាលីបង់​ ប៉ុន្តែ​កង​កម្លាំង​របស់​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ប្រយុទ្ធ​គ្នា​។

លោក​ម៉ាស៊ូដ​បាន​ប្រាប់​សារព័ត៌មាន​ Reuters តាម​ទូរស័ព្ទ​ថា​៖ «យើង​ចង់​ធ្វើ​ឱ្យ​តាលីបង់​ដឹង​ថា​ផ្លូវ​តែ​មួយ​គត់​ឆ្ពោះ​ទៅ​មុខ​គឺ​តាម​រយៈ​ការ​ចរចា​»​។ លោក​បន្ត​ថា​៖ «យើង​មិន​ចង់​ឱ្យ​សង្គ្រាម​ផ្ទុះ​ឡើង​ទេ​»​។

លោក​ម៉ាស៊ូដ​បាន​អំពាវ​នាវ​ឱ្យ​មាន​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​ទូលំ​ទូលាយ​នៅ​ក្នុង​ទីក្រុង​កាប៊ុល​តំណាង​ឱ្យ​ក្រុម​ជនជាតិ​ផ្សេង​ៗ​គ្នា​របស់​អាហ្វហ្គានីស្ថាន ហើយ​បាន​និយាយ​ថា​របប​ផ្ដាច់​ការ​ មិន​គួរ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ឡើយ​។

មន្ត្រី​ការបរទេស​របស់​លោក​ម៉ាស៊ូដ​ គឺ​លោក​អាលី​ ណាហ្សារី​បាន​និយាយ​ថា​៖ «លក្ខខណ្ឌ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​ជា​មួយ​តាលីបង់​គឺ​ការ​ធ្វើ​វិមជ្ឈការ សម្រាប់​ប្រព័ន្ធ​អភិបាលកិច្ច​ដែល​ធានា​យុត្តិធម៌​សង្គម សមភាព សិទ្ធិ និង​សេរីភាព​សម្រាប់​ទាំង​អស់​គ្នា​»​។

បើ​ទោះ​ជា​មាន​ជំហរ​យ៉ាង​មិន​ចង់​មាន​សង្គ្រាម​ក៏​ដោយ​ លោក​ម៉ាស៊ូដ​បាន​ធ្វើ​ការ​ស្នើ​ជំនួយ​អាវុធ​ពី​អាមេរិក​ ក្នុង​អត្ថបទ​វិចារណកថា​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​កាសែត​ The Washington Post​។ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​ចលនា​តស៊ូ​ទាំង​នេះ​នឹង​មិន​អាច​តតាំង​នឹង​តាលីបង់​បាន​រយៈ​ពេល​វែង​ទេ​ បើ​គ្មាន​ជំនួយ​ពី​ខាង​ក្រៅ​។

ទន្ទឹម​នឹង​នេះ​ក្រុម​តាលីបង់​គឺ​កំពុង​ចរចា​ជា​មួយ​សមាជិក​នៃ​រដ្ឋាភិបាល​ដួល​រលំ​នៅ​ទីក្រុង​កាប៊ុល​ ដើម្បី​ធ្វើ​សម្រេច​រចនាសម្ព័ន្ធ​នៃ​រដ្ឋាភិបាល​ថ្មី​។ ​សហរដ្ឋអាមេរិក​ និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ព្រមាន​តាលីបង់​ថា​ការ​គ្រប់គ្រង​ផ្ដាច់​ការ​និយម​នឹង​ពន្យារ​សង្គ្រាម​ស៊ីវិល​អាហ្វហ្គានីស្ថាន​ ហើយ​រដ្ឋាភិបាល​បែប​នេះ​នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ទេ​៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner