តើសមយុទ្ធយោធាអាមេរិក ជាការផ្ញើសារទៅឱ្យចិនឬយ៉ាងណា?

អ្នកសង្កេតការណ៍​យោធា​ចិន​និយាយ​ថា​ ការ​ធ្វើ​សម​យុទ្ធ​យោធា​លើ​ដែនទឹក​ដ៏​ធំ​បំផុត​របស់​អាមេរិក​ មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ ៤០ ​ឆ្នាំ​ មិន​ត្រឹម​តែ​​ចង្អុល​ពី​ការ​ព្រួយបារម្ភ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​បង្ហាញ​ពី​​ភាព​ដាច់​គេ​នៃ​វិស័យ​យោធា​របស់​ខ្លួន​លើ​​​រុស្ស៊ី​ និង​ចិន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ផង​ដែរ​។​

សម​យុទ្ធ​ខ្នាត​ធំ​ឆ្នាំ​ ២០២១ ​ដែល​​​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​ ៣ ​និង​ ១៦ ​ខែ​សីហា ​ក្នុង​តំបន់​ដែល​មាន​ម៉ោង​ខុស​គ្នា​ចំនួន​ ១៧ ​​មាន​ការ​ចូលរួម​ពី​កម្លាំង​ទ័ព​ចំនួន​ ២៥ ០០០ ​នាក់​មក​ពី​បញ្ជាការ​ប្រយុទ្ធ​ពិភពលោក​នៅ​អាត្លង់ទិក​ ប៉ាស៊ីហ្វិក​ និង​អឺរ៉ុប​​។​ អង្គភាព​ទ័ព​ជើង​ទឹក​ដែល​ចូល​រួម​ក្នុង​សមយុទ្ធ​នេះ​ ទទួល​ខុស​ត្រូវ​ចំពោះ​កន្លែង​ប្រឈម​មុខ​គ្នា​ធំ​ៗ​​ជាមួយ​រុស្ស៊ី​ និង​ចិន​រួម​ទាំង​សមុទ្រ​ខ្មៅ ​និង​មេឌីទែរ៉ាណេ​ខាង​កើត​ ក៏​ដូច​ជា​សមុទ្រ​ចិន​ខាង​កើត​ និង​ខាង​ត្បូង​។​

​ការ​ហ្វឹក​ហាត់​លើក​នេះ​ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​នឹង​សម​យុទ្ធ​យោធា​ដែល​ធ្វើ​ឡើង​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​ដែរ​ ហើយ​ក្រុម​អ្នក​សង្កេតការណ៍​​និយាយ​ថា​ វា​មាន​បំណង​ផ្ញើសារ​ទៅ​កាន់​ទី​ក្រុង​ម៉ូស្គូ​ និង​ប៉េកាំង​ ថា​សហរដ្ឋ​អាមេរិក​អាច​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ជា​ច្រើន​។​

លោក​ឧត្តម​នាវី​ឯក​ Steve Koehler ​មេ​បញ្ជាការ​កង​នាវា​អាមេរិក​ទីបី​ ​និយាយ​កាល​ពី​សប្ថាហ៍​មុន​ថា​ សម​យុទ្ធ​នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការ​​ធ្វើ​សមកាល​កម្ម​ និង​បញ្ចូល​ប្រតិបត្តិការ​យោធា​នៅ​ទូទាំង​ពិភព​លោក​។​ លោក​និយាយ​ថា​៖​ «​វា​ច្បាស់​ណាស់​ចំពោះ​ខ្ញុំ​ថា​ នៅ​ក្នុង​បរិយាកាស​សន្តិសុខ​នាវា​ចរណ៍​ដ៏​មាន​ឥទ្ធិពល​នាពេល​បច្ចុប្បន្ន​នេះ​ កង​នាវា​ចរ​អាមេរិក​បាន​នាំ​មក​នូវ​កម្លាំង​ច្បាស់​លាស់​​ និង​លើស​លប់​នៅ​ក្នុង​ពេល​វេលា​ និង​ទី​កន្លែង​ដែល​យើង​ជ្រើស​រើស​ ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​របស់​យើង​នៅ​ក្នុង​លំហ​សមរ​ភូមិ​»​។​

​លោក​ Zhou​ Chenming ​អ្នក​ស្រាវ​ជ្រាវ​មក​ពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ និង​បច្ចេក​វិទ្យា​យោធា​ Yuan​ Wang ​នៅ​ទីក្រុង​ប៉េកាំង​​និយាយ​ប្រាប់​សារព័ត៌មានចិន​​ហុង​កុង​ The ​South ​China ​Morning ​Post ​ថា​ សកម្មភាព​ថ្មី​ៗ​របស់​អាមេរិក​ឆ្លុះ​បញ្ចាំង​ពី​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​យោធា​​​​ ដើម្បី​កំណត់​ការផ្តោ​ត​​ឡើង​វិញ​ពី​សង្គ្រាម​ទ្រង់​ទ្រាយ​តូច​ប្រឆាំង​នឹង​ភេរវករ​ ឬ​ក្រុម​សកម្ម​ប្រយុទ្ធ​​ក្នុង​រយៈ​ពេល​ ២០​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ត្រលប់​ទៅ​ការ​កំណត់​រចនាបទ​បែប​សង្គ្រាម​ត្រជាក់​​ ដែល​ជា​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ជាមួយ​ប្រទេស​មហា​អំណាច​ពិភព​លោក​នានា​។

​លោក​បន្ថែម​ថា​៖​​«​​​វា​ក៏​ធ្វើ​ឡើង​ដើម្បី​ផ្ញើ​សារ​​ដល់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ថា​ យោធា​អាមេរិក​នៅ​តែ​មិន​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ ជា​ពិសេស​ក្រោយ​ការ​ដក​​ទ័ព​ពី​អាហ្វហ្គានីស្ថាន​ដែល​បង្ក​ជា​មន្ទិល​លើ​​កិត្យានុភាព​របស់​ខ្លួន​​​»​។​

​កាល​ពី​ខែ​មុន​ លោក​ឧត្តម​សេនីយ៍ ​John ​Earl​ Hyten ​អនុ​ប្រធាន​អគ្គសេនា​ធិការ​ចម្រុះ​អាមេរិក​និយាយ​ថា​ ល្បែង​​សង្គ្រាម​​ដែល​ត្រូវ​បាន​បែង​ចែក​កាល​ពី​ឆ្នាំ​មុន​​ពាក់​ព័ន្ធ​នឹង​សេណារីយ៉ូ​ជាច្រើន​រួម​ទាំង​សមរភូមិ​តៃវ៉ាន់​ ត្រូវ​បាន​បញ្ចប់​ដោយ​អាមេរិក​​ត្រូវ​ទ្រម​ខ្លួន​យ៉ាង​ដំណំ​ដោយ​សារ​តែ​ភាព​ងាយ​រងគ្រោះ​ដូច​ជា​ ការ​បាត់​បង់​ទំនាក់​ទំនង​ភ្លាម​ៗ​។​

​យ៉ាង​ណា​មិញ​លោក​ Zhou ​និយាយ​ថា​៖​ «​អាមេរិក​ចង់​ឲ្យ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​រួម​ទាំង​​តៃវ៉ាន់​ផង​ រក្សា​ភាព​ស្ងប់​ស្ងាត់​ និង​បន្ត​បម្រើ​ផល​ប្រយោជន៍​អាមេរិក​»​។​  

​អតីត​​គ្រូ​បង្រៀន​​នៅ​អង្គភាព​​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ លោក​ Song​ Zhongping ​និយាយ​ថា​ សមយុទ្ធ​នាពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ​កង​កម្លាំង​អាមេរិក​បាន​រីករាល​ដាល​យ៉ាង​ស្តើង​នៅ​ទូទាំង​ពិភព​លោក​ ហើយ​នឹង​ប្រឈម​មុខ​បន្ថែម​ទៀត​បើ​គ្មាន​សម្ព័ន្ធ​មិត្ត​។

​​លោក​បន្ថែម​​ថា​៖​ «​អាមេរិក​តែងតែ​មាន​ផែនការ​ប្រយុទ្ធ​ និង​ឈ្នះ​សង្គ្រាម​ពីរ​នៅ​ចំពោះ​មុខ​ពីរ​ជាមួយ​មហាអំណាច​មធ្យម​ពីរ​។​ ប៉ុន្តែ​​មិន​ដែល​អាច​ទប់​ទល់​នឹង​សង្គ្រាម​ក្នុង​ពេល​តែ​មួយ​ជាមួយ​រុស្ស៊ី ​និង​ចិន​ឡើយ​»​។​

​ទំនាក់​ទំនង​​រវាង​ចិន​ និង​រុស្ស៊ី​ដែល​ជា​ប្រទេស​​ខ្លាំង​បំផុត​ទី​ ២ ​ខាង​វិស័យ​យោធា​របស់​ពិភព​លោក​ កាន់​តែ​រឹង​មាំ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤​ ដោយ​សារ​ទំនាក់​ទំនង​នយោបាយ​របស់​ទីក្រុង​ម៉ូស្គូ​ជាមួយ​លោក​ខាង​លិច​ធ្លាក់​ចុះ​កាន់​តែ​យ៉ាប់​យឺន​ទៅ​ៗ​​ក្រោយ​រុស្ស៊ី​​បញ្ចូល​ឧបទ្វីប​គ្រីមៀ​ថា​ជា​ទឹកដី​របស់​ខ្លួន​ ដោយ​ចិន​គឺជា​​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​រុស្ស៊ី​។​

នា​ពេល​ថ្មី​​ ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​បាន​​ចាប់​ដៃ​គ្នា​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​នៅ​តំបន់​ Ningxia ​ភាគ​ខាង​ជើង​​ប្រទេស​ចិន​រយៈ​ពេល​ ៥​ ថ្ងៃ​​ ដោយ​មាន​កង​កម្លាំង​ជាង​ ១០ ០០០ ​នាក់​ ស្រប​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទាំង​ពីរ​លើ​បញ្ហា​ជា​ច្រើន​រួម​ទាំង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​កង្វល់​សន្តិសុខ​តំបន់​។​

​ទន្ទឹម​​នឹង​នោះ ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​កាន់​តែ​មាន​ភាព​តាន​តឹងបន្ថែម​ទៀត​​​ ក្រោយ​អាមេរិក​បើកការ​សមយុទ្ធ​បញ្ជា​ការ​ដ្ឋាន​ឥណ្ឌូ-ប៉ាស៊ី​​ជាមួយ​អង់គ្លេស​ អូស្ត្រាលី ​និង​ជប៉ុន​ ​ស្រប​ពេល​ជាមួយ​ចិន​បន្ថែម​កម្លាំង​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ផ្នែក​ខ្លះលើ​​សមុទ្រ​ដែល​មាន​ជម្លោះ​មួយ​នេះ​។​ ​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​​ទាមទារ​​ដែន​ទឹក​របស់​ចិន​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកលោក អង់តូនី ​ប្លីងកិន​ (Antony Blinken) ​​ព្រមាន​ថា​ ជម្លោះ​ណាមួយ​នៅ​ទីនោះ ​ឬ​នៅ​សមុទ្រ​ណា​មួយ​ នឹង​មាន​ផល​វិបាក​ជា​សកល​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ និង​ពាណិជ្ជកម្ម​។​

​ឯក​អគ្គរដ្ឋ​ទូត​រង​ចិន​លោក​ ​Dai ​​Bing​​ ​ចោទប្រកាន់​អាមេរិក​​វិញ​ថា ​ប្រទេស​នេះ​ក្លាយ​ជា​ការ​គំរាម​កំហែង​ធំ​បំផុត​ចំពោះ​សន្តិភាព​ និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បាន​ហៅ​ការ​ឃោសនា​​របស់​អាមេរិក​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា​មាន​ហេតុផល​នយោបាយ​ទាំង​ស្រុង​។​

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner