នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី អញ្ជើញថ្នាក់ដឹកនាំគណបក្សប្រឆាំងចូលរួមក្នុងគណៈកម្មការប្រឆាំងកូវីដ១៩
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលទើបតែកាន់តំណែងថ្មី លោក Ismail Sabri Yaakob បានអញ្ជើញថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ ឱ្យចូលរួមនៅក្នុងក្រុមប្រឹក្សាស្ដារសេដ្ឋកិច្ចជាតិ (NRC) និងគណៈកម្មការពិសេសទទួលបន្ទុកលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នេះបើតាមសុន្ទរកថាដំបូងបង្អស់របស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យកន្លងទៅ។
ក្នុងសុន្ទរកថាថ្ងៃអាទិត្យរបស់លោក Ismail Sabri សង្កត់ធ្ងន់តែកិច្ចការក្នុងស្រុករបស់ម៉ាឡេស៊ី។ បុរសជនជាតិម៉ាឡេរូបនេះ បានគូសបញ្ជាក់កិច្ចការបន្ទាន់មួយចំនួនរបស់រដ្ឋាភិបាលថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីឡើងវិញ។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យគ្រប់ភាគីគណបក្សនយោបាយទាំងអស់នៅក្នុងម៉ាឡេស៊ីរួបរួមចំពោះកិច្ចការបន្ទាន់ទាំងនេះ។
«ខ្ញុំសូមជំរុញឱ្យសមាជិក Dewan Rakyat (សភាជាន់ទាបម៉ាឡេស៊ី) ទាំងអស់ មិនថានៅក្នុងរដ្ឋាភិបាល ឬ ក្រៅរដ្ឋាភិបាលនោះទេ ចូលរួមធ្វើការជាមួយគ្នាដើម្បីស្ដារជាតិរបស់យើង។ ចូរយើងនាំគ្នា បើកចិត្ត និងបេះដូងរបស់យើងឱ្យទូលាយ និងបំភ្លេចភាពខុសគ្នារបស់យើងទាំងអស់គ្នា ដោយធ្វើការរួមគ្នា»។ នេះបើតាមការថ្លែងរបស់លោក។
លោក Ismail Sabri បានបន្តថា «យើងត្រូវតែស្វែងរកចំណុចរួមមួយ និងធ្វើដំណើរឆ្ពោះទៅរកការកសាងចំណុចមូលមតិមួយ ដើម្បីសន្តិសុខ និងសុវត្ថិភាពគ្រួសាររបស់យើងគឺ គ្រួសារម៉ាឡេស៊ី»។
ចាប់តាំងពីការបោះឆ្នោតលើកទី១៤ នៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៨ ប្រទេសមួយនេះមានរដ្ឋាភិបាលដល់ទៅ ៣ដង ឯណោះ។
នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ សម្ព័ន្ធគណបក្សនយោបាយ Pakatan Harapan (PH)ឬ ប្រែជាភាសាខ្មែរថា សម្ព័ន្ធនៃក្ដីសង្ឃឹម ដឹកនាំដោយអតីតបុរសខ្លាំងម៉ាឡេស៊ី លោក មហាធីរ មហាម៉ាត់ បានយកឈ្នះលើសម្ព័ន្ធគណបក្សនយោបាយរណសិរ្សជាតិ ឬ ជាភាសាម៉ាឡេហៅថា Barisan Nasional (BN) ដែលដឹកនាំដោយអង្គការរួបរួមជាតិម៉ាឡេ (UMNO)។
គណបក្ស UMNO នេះហើយបានដឹកនាំប្រទេសម៉ាឡេស៊ីចាប់តាំងពីប្រកាសឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៥៧មក ខណៈអ្នកនយោបាយចំណាស់ ៩៦ឆ្នាំ ក៏ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីប្រមាណ ២០ឆ្នាំ (ឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣) ក្រោមស្លាកគណបក្សដ៏ធំនេះដែរ។
លុះនៅឆ្នាំ២០២០ លោក មហាធីរ បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ក្រោយពីមានល្ខោននយោបាយនៅក្នុងសម្ព័ន្ធគណបក្សកាន់អំណាចនៅពេលនោះ។ ក្រោយពីលោកលាលែងចេញពីតំណែង ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅស៊ុលតង់ Abdullah ក៏បានតែងតាំងលោក Muhyiddin Yassin ដែលធ្លាប់មកពីសម្ព័ន្ធគណបក្សនយោបាយជាមួយលោក មហាធីរ ដែរ។
លោក Yassin ឡើងជានាយករដ្ឋមន្ត្រី ក្រោយពេលដែលបង្កើតសម្ព័ន្ធគណបក្សនយោបាយថ្មី ដោយរួមជាមួយគណបក្ស UMNO និងបោះបង់គណបក្សលោក មហាធីរចេញ។ ចាប់តាំងពីឡើងកាន់អំណាចនៅខែមីនា ឆ្នាំ២០២០មក រដ្ឋាភិបាលលោក Yassin ជួបបញ្ហាមួយយ៉ាងធំសម្បើម ដែលបញ្ហានោះគឺ វិបត្តិជំងឺកូវីដ-១៩។
ប្រមាណជាជាង ១ឆ្នាំ និង ៦ខែមកនេះ រដ្ឋាភិបាលលោក Yassin រងការរិះគន់យ៉ាងខ្លាំង ទាក់ទិននឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយមានមនុស្សប្រមាណ ១,៥លាននាក់បានឆ្លងជំងឺនេះ ខណៈរហូតដល់ទៅច្រើនជាង ១ម៉ឺននាក់បានបាត់បង់ជីវិត។
ស្ថិតក្នុងស្ថានភាពបែបនេះ សមាជិកសភាមកពីគណបក្ស UMNO ចំនួន ១៥រូប បានដកការគាំទ្រលើលោក Yassin ដែលធ្វើឱ្យលោកបង្ខំចិត្តលាលែងចេញពីតំណែងកាលពីពាក់កណ្ដាលខែសីហា។ ការលាលែងរបស់លោក Yassin ធ្វើឱ្យអនុប្រធានគណបក្ស UMNO លោក Ismail Sabri ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ នេះបានសេចក្ដីថា UMNO ត្រលប់មកដឹកនាំប្រទេសវិញ ក្រោយខកខានអស់រយៈពេលជាង ៣ឆ្នាំ។
ស្របពេលដែលមានវិបត្តិនយោបាយ អំឡុងពេលមានវិបត្តិសង្គម-សេដ្ឋកិច្ចដោយសារជំងឺរាតត្បាតសកល នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីលោក Ismail Sabri ក៏បានលើកឡើងថា ការផ្លាស់ប្ដូររដ្ឋាភិបាលញឹកញាប់ក្នុងរយៈពេលខ្លី មានតែផ្ដល់នូវផលប៉ះពាល់ដល់ប្រជាជន និងប្រទេសជាតិនោះទេ។
«យើងត្រូវតែបញ្ឈប់ការឆក់យកអំណាចនយោបាយ»។ នេះបើតាមការថ្លែងរបស់លោក។ លោកបានបន្ថែមថា «ខ្ញុំយល់ច្បាស់ណាស់ថា បញ្ហានយោបាយដែលមាននៅក្នុងប្រទេសយើង បានបង្កជាការតប់ប្រមល់ដល់សាធារណៈ។ ដូច្នេះ ស្ថិរភាពនយោបាយអាចរកបានតែតាមរយៈ ភាពរួបរួម ហើយនេះគឺរាប់បញ្ចូលកិច្ចសហប្រតិបត្តិការឆ្លងគណបក្ស»។
ជាមួយគ្នានេះដែរ លោកក៏បានសង្កត់ធ្ងន់ថា «ខ្ញុំសូមផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីធ្វើការជាផ្នែកមួយនៃក្រុមប្រឹក្សាស្ដារសេដ្ឋកិច្ចជាតិ និងគណៈកម្មការពិសេសទទួលបន្ទុកលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩»។
សុន្ទរកថារបស់លោក Ismail ទទួលបានការស្វាគមន៍ពីសំណាក់អ្នកនយោបាយទាំងក្នុងគណបក្សរបស់របស់លោក និងទាំងសម្ព័ន្ធគណបក្សប្រឆាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Straitstime។
ក្រោយពីព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំងលោក Ismail ជានាយករដ្ឋមន្ត្រី លោក Anwar Ibrahim ដែលជាមេដឹកនាំសម្ព័ន្ធគណបក្សប្រឆាំងក៏យល់ព្រមលើការតែងតាំងមួយនេះ ហើយថែមទាំងជំរុញឱ្យសមាជិក និងអ្នកគាំទ្រខាងបក្សប្រឆាំងទទួលយកការតែងតាំងមួយនេះផងដែរ៕

ប្រភព៖ CNA