ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ៖ “ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាលពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពទ្បើយ”
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ – ស្ថានបេសកកម្មអចិន្រ្តៃនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ សូមបដិសេធចោលទាំងស្រុងនូវទស្សនៈផ្ទាល់ខ្លួនរបស់អ្នក រាយការណ៍ពិសេសមួយក្រុមតូច ដែលពុំបានផ្តល់ការយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃការ អនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
ដោយការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសខាងលើ បង្កឱ្យមានការភ័ន្តច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមជម្រាបជូននូវការពិត ដូចខាងក្រោម៖
− ទី១៖ ដូចសព្វមួយដងដែរ បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញ ប៉ុន្តែបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្រ្តីរបស់អង្គការសហប្រជាជាតិ បានតាំងខ្លួនឯងជាចៅក្រម អារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ។ ការប្រព្រឹត្តខុសវិជ្ជាជីវៈបែបនេះ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដែលឯកសារទាំងពីរនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
− ទី២៖ ការអះអាងថា ការកាត់ទោស លោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និង
ពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះពុំបានយកចិត្តទុកដាក់លើអង្គហេតុនិងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ចនូវរូបភាពសេរីភាពបញ្ចេញមតិជ្រុលហួស ក្រុមអ្នកជំនាញបានមើលស្រាលចំពោះផលវិបាកដ៏មហន្តរាយនិងមិនអាចវិលត្រទ្បប់ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើប្រាស់ព័ត៌មានបំភ្លៃការពិតនិងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិនោះទេ។ បញ្ហាទឹកដីដែលមានលក្ខណៈរសើបនិងស្មុគស្មាញ ចាំបាច់ត្រូវតែដោះស្រាយ ដោយអ្នកជំនាញដែលមានការទទួលស្គាល់ ហើយក៏មិនត្រូវប្រើប្រាស់ជាឧបករណ៍សម្រាប់ការកេងចំណេញផ្នែកនយោបាយឡើយ ព្រោះវាអាចដុតបញ្ឆេះឱ្យមានការកើនឡើងនូវទស្សនៈជាតិនិយមជ្រុល ដោយសារបរិបទប្រវត្តិសាស្ត្រ។ មានព្រឹត្តិការណ៍មួយចំនួនបានកើតទ្បើងរួចមកហើយ ដែលបណ្តាលមកពីការធ្វើអត្ថា
ធិប្បាយក្នុងហេតុផលនយោបាយចំពោះបញ្ហាព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសជិតខាង។
− ទី៣៖ ការស្ទង់មតិតាមអ៊ីនធឺណិតដែលធ្វើឡើងដោយអង្គការប្រឆាំងរដ្ឋាភិបាល
ខុមហ្វ្រែល នៅខែសីហា ឆ្នាំ២០២០ បានបង្ហាញថា អ្នកឆ្លើយតបជិត៨០% បានគាំទ្រការចាប់ខ្លួនលោក រ៉ុង ឈុន ដែលលទ្ធផលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាចង់បាននូវសន្តិភាពនិងស្ថិរភាពសង្គម ព្រមទាំងការគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលខាងលើ។
− ទី៤៖ វាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរដែលក្រុមអ្នកជំនាញ ថ្លែងថា “អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវចាប់ខ្លួន ឬផ្តន្ទាទោស”។ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចោទប្រកាន់ចំពោះបុគ្គលណាម្នាក់គឺផ្អែកលើបទល្មើសដែលបានប្រព្រឹត្តនិងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថាតើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។ រាល់ការចោទប្រកាន់ទាំងអស់នៅក្នុងតុលាការគឺជាប់ពាក់ព័ន្ធទាំងស្រុងទៅនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងការបំពានទៅនឹងរដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទទ្ប្ហីករណ៍និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
− ទី៥៖ ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យលុបចោលបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺមានន័យស្មើនឹងការជំរុញឱ្យកម្ពុជាធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរដ្ឋនៅក្នុងប្រទេស។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់សេរីភាព គឺជាការប្រមាថចំពោះនីតិរដ្ឋនិងការអនុវត្តស្មើភាពគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ វាជាករណីកិច្ចរបស់មនុស្សគ្រប់រូប រួមទាំងបុគ្គលអះអាងខ្លួនឯងថាជាអ្នកការពារសិទ្ធិមនុស្ស ត្រូវអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងព្រំដែននៃច្បាប់។
− ទី៦៖ វាជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំងដែលអ្នករាយការណ៍ពិសេសទាំងនោះ
ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងព្រំដែនកំណត់ពិសេស ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពី សិទិ្ធពលរដ្ឋនិងនយោបាយ។ រដ្ឋធម្មនុញ្ញកម្ពុជា ការពារសេរីភាពក្នុងការបញ្ចេញមតិស្របច្បាប់ ប៉ុន្តែមិនមែនសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្ខូចកេរ្តិ៍ឈ្មោះ ញុះញង់ឱ្យមានអំពើហិង្សា និងសាបព្រោះការរើសអើងជាតិសាសន៍ទ្បើយ។
ជាទីបញ្ចប់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមក្រើនរំលឹកអ្នករាយការណ៍ពិសេសឱ្យយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូភាគច្រើនលើសលប់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែលម្អរបៀបរបបការងាររបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដោយត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងការទទួលខុសត្រូវ ដោយភាពស្មោះត្រង់៕សួង ពិសិដ្ឋ
