ក្រុង-ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង ទទួលនូវអំណោយសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន
អាជ្ញាធរនៃរដ្ឋបាលស្រុក-ក្រុងទាំង១៤ របស់ខេត្តបាត់ដំបង បានទទួលនូវអំណោយមួយចំនួនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា នាយករងខុទ្ទកាល័យ សម្ដេចតេជោហ៊ុន សែន បាននាំយកនូវអំណោយ របស់ សម្តេចទាំងទ្វេ ផ្តល់ជូនដល់រដ្ឋបាលស្រុក-ក្រុង ទាំង១៤ នៅក្នុងខេត្តបាត់ដំបង។ដែលបានប្រព្រឹត្តទៅនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២១នេះ។
សម្ភារៈដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន ដែលត្រូវផ្ដល់ជូននៅឱកាសនោះ គឺក្នុងស្រុកនីមួយៗទទួលបាន នូវ៖ កុំព្យូទ័រយូរដៃ ចំនួន៦គ្រឿង, ម៉ាស៊ីនព្រីនធ័រ ចំនួន ៦គ្រឿង, វិទ្យុទាក់ទង ចំនួន ១៥គ្រឿង, ម៉ាស៊ីនភ្លើង មួយគ្រឿង រួម និងថវិកា ចំនួន១លានរៀល ផងដែរ។
ពិធីប្រគល់និងទទួលនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេក្នុងថ្ងៃនេះ ក៏មានវត្តមានថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ តាមបណ្តាស្ថាប័ន មន្ទីរអង្គភាពនានា ក្នុងខេត្តនិងថ្នាក់ដឹកនាំកងកម្លាំងទាំង៣ ផងដែរ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានពាំនាំនូវការផ្ដាំផ្ញើនិងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី – ហ៊ុនសែន ផ្ញើជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង-ស្រុកទាំង១៤របស់ខេត្តនិងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង ផងដែរ។
ក្នុងឱកាសនោះដែរ ក្នុងនាមក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងជំនួសមុខឲ្យគណៈអភិបាលស្រុក-ក្រុងទូទាំខេត្តបាត់ដំបង សូមគោរពថ្លែងនូវការដឹងគុណនិងអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែងបំផុត ចំពោះទឹកចិត្តប្រោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់និងគិតគូដល់ទុក្ខលំបាករបស់មន្ទីរាជការ គ្រប់ថ្នាក់ក្នុងខេត្ត។ហើយជាពិសេសថ្មីៗនេះសម្តេចបានឲ្យក្រុមការងារ របស់ សម្តេច ដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ចុះមកទិញផ្ទាល់ដល់ចម្ការមៀន (តាង៉ែន)របស់ប្រជាកសិករក្រីក្រ ដែលកំពុងតែជួបការលំបាក ក្នុងការបាត់បង់ទីផ្សារនាំចេញទៅលក់នៅក្រៅប្រទេស។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងក្នុងនាមរដ្ឋបាលខេត្ត បានលើកដៃគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន ជន្មាយុយឺនយូរដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឈានឆ្ពោះការអភិវឌ្ឍនិងភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យនិងដើម្បីរក្សានូវសុខសន្តិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេសជាដរាបរៀងទៅ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )















