ឯកឧត្តម ថង សាវុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរាដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ ក្នុងស្រុកលំផាត់
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រគល់ជូនចាស់ជរាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ ចំនួន ២១នាក់ នៅបរិវេណសាលាឃុំល្បាំង២ ស្ថិតនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។
ឯកឧត្តម ថង សាវុន បានជំរាបសួរពីសុខភាពលោកតា លោកយាយក្រោយបានចាក់វ៉ាក់សាំងរួច និងបានផ្ដាំផ្ញើអោយពួកគាត់ត្រូវបន្ដអនុវត្តវិធានការសុខាភិបាល រួមមានពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងបន្ថែមទៀត។
ឯកឧត្តមបានបន្តថាសម្រាប់អ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមរួសរាន់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនីមួយៗដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍ទាំងមូលផងដែរ។
ឯកឧត្តមបានបន្ថែមទៀតថា ចំពោះអាណាព្យាបាលដែលមានកូនៗរស់នៅស្រុកលំផាត់ កូនមុំ អូរជុំ និងស្រុកតាវែង ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សូមបន្ដនាំកូនៗ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ចាប់ពីថ្ងៃនេះតទៅ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍យើងបន្ថែមទៀត ក្នុងការប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ផងដែរថាអំណោយដែលបាននាំមកជូននាពេលនេះក្នុង ០១នាក់ ទទួលបានអង្ករ ២៥គីឡូ ឃីតមួយកញ្ចប់ និងថវិកាចំនួន ២មុឺនរៀល៕ដោយ គតិ យុត្ត







