ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំរៀបចំផែនការចេញប្រតិបត្តិការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃស្រុកទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការចេញប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និង កាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួស ។ ទន្ទឹមនេះដែលអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានយកគោលដៅរាជធានីភ្នំពេញ សម្រាប់ការដកស្រង់បទពិសោធន៍ការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០២០នេះ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញត្រូវគេមើលឃើញថា ជាបញ្ហាប្រឈមគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ ។ នៅឆ្នាំ២០១៩បានកើតឡើងបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣៣៨នាក់ កើនជាងឆ្នាំ២០១៨ចំនួន៧៤នាក់  ចំណែកអ្នករងរបួសធ្ងន់ និងស្រាលចំនួន១.៧៣២នាក់ កើនជាងឆ្នាំ២០១៨ចំនួន៨៦៥នាក់។
ជុំវិញនៃការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ដោយឱ្យលោកស្នងការរងទទួលផែនការងារចរាចរណ៍  លោកស្នងការរងទទួលផែនការងារសេនាធិការ លោកនាយការិយាល័យជំនាញ និងលោកអធិការខណ្ឌទាំង១៤  ត្រៀមប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យមានប្រសិន  ភាព។ ជាងនេះថែមទៀតឯកឧត្តមក៏មានសង្ឃឹម និងជឿជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ និងសម្រេចបានលទ្ធផលល្អ ទៅតាមទិសដៅ និងផែនការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបទល្មើសចរាចរណ៍ឱ្យមានការថយចុះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏ធ្លាប់មានប្រសាសន៍ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ មិនមែនធ្វើបាបប្រជាពលរដ្ឋនោះទេ និងបានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទូទៅត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរមានការយោគយល់អយ្យាស្រ័យគ្នា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ៕ សំ វិច្ឆិកា

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner