ឯកឧត្តម ស ថេត ដឹកនាំកិច្ចប្រជុំរៀបចំផែនការចេញប្រតិបត្តិការរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញដើម្បីកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃស្រុកទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការចេញប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងងកាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួស ។ ទន្ទឹមដែលអគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានយកគោលដៅរាជធានីភ្នំពេញសម្រាប់ការដកស្រង់បទពិសោធន៍ ការងារអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០២០នេះ។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញត្រូវគេមើលឃើញថាជាបញ្ហាប្រឈមគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ ។នៅឆ្នាំ២០១៩បានកើតឡើងបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣៣៨នាក់ កើនជាងឆ្នាំ២០១៨ចំនួន៧៤នាក់ ចំណែកអ្នករងរបួសធ្ងន់និងស្រាលចំនួន១.៧៣២នាក់កើនជាងឆ្នាំ២០១៨ចំនួន៨៦៥នាក់។
ជុំវិញនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ ដោយឱ្យលោកស្នងការរងទទួលផែនការងារចរាចរណ៍ លោកស្នងការរងទទួលផែនការងារសេនាធិការ លោកនាយការិយាល័យជំនាញ និងលោកអធិការខណ្ឌទាំង១៤ ត្រៀមប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិនភាព។

ជាងនេះថែមទៀតឯកឧត្តមក៏មានសង្ឃឹម និងជឿជាក់ថាការអនុវត្តច្បាប់ចរាចរណ៍ និងសម្រេចបានលទ្ធផលល្អទៅតាមទិសដៅនិងផែនការរបស់រាជរដ្ឋាភិបាលក្នងការដោះស្រាយបញ្ហាបទល្មើសចរាចរណ៍ ឱ្យមានការថយចុះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏ធ្លាប់មានប្រសាសន៍ថាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋមិនមែន ធ្វើបាបប្រជាពលរដ្ឋនោះទេនិងក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ ទូទៅត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍និង បើកបរមានការយោគយល់អយ្យាស្រ័យគ្នា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ៕ធ.ដ
ដោយ៖ សំ វិច្ឆិកា





