អាចារ្យលាក់បានចាប់បដិសន្ធិសារជាថ្មី នៅលើដែនដីរដ្ឋបាលខេត្តកំពង់ធំ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានរួមគ្នាកសាងរូបសំណាកអាចារ្យលាក់ ឬ អាចារ្យពោធិកំបោរ ដែលគេដឹងថា គឺជាបុព្វបុរសខ្មែរដ៏ខ្លាំងពូកែ និងល្បីល្បាញ ក្នុងការតស៊ូធ្វើសឹកសង្គ្រាមជាមួយបរទេស ធ្វើអោយប្រជាជាតិខ្មែរ នាសម័យនោះ មានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង។ សំណង់រូបសំណាកអាចារ្យលាក់ ត្រូវបានធ្វើពិធីសិត និងតម្លើង ដាក់តាំងនៅលើទីតាំងមួយដ៏សមរម្យ ត្រង់ចំណុចប្រសព្វផ្លូវចូលក្រុង និងផ្លូវវាងក្រុង ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពិធីសិតរូបសំណាក់នោះទៀត បានធ្វើឡើង នៅក្នុងបរិវេណវត្ត ឥន្រ្ទីសំវសៈ ហៅ វត្តកំពង់ធំ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៥កុម្ភៈ ដល់ថ្ងៃទី៦ កុម្ភៈ ឆ្នាំ ២០២០ ដោយមានការចូលរួមពីមនុស្សច្រើនពាន់នាក់។

ប្រវត្តិបានចងក្រងថា អាចារ្យលាក់ ឬ ពោធិ៍កំបោរ គឺជាបុព្វបុរសខ្មែរមួយរូប ដែលប្រជាជាតិខ្មែរ គោរព ស្រឡាញ់ និងកោតស្ងប់ស្ញែង ក្នុងចន្លោះទសវត្សន៍១៨៨៥ ដល់ទសវត្សន៍ ១៨៦៧ នៅក្នុងចលនាប្រឆាំងនឹងបារាំង រហូតទទួលបានជ័យជំនះ ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ រីឯកិតនាមល្បីសុះសាយ រហូតមកដល់សព្វថ្ងៃ។ អាចារ្យលាក់ ឬ ពោធិ៍កំបោរ បានទទួលមរណភាព ក្នុងភាពសោកសៅបំផុត ក្នុងឆ្នាំ១៨៦៧ នៅក្នុងចលនាប្រឆាំងនឹងបារាំង។ ដើម្បីរំលឹកគុណ ដល់បុព្វបុរសខ្មែរនាសម័យដើម ដែលបានបូជាជីវិតក្នុងការតស៊ូប្រឆាំងសត្រូវបរទេស និងក៏ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរ នាសម័យនេះ និងជំនាន់ក្រោយៗទៀត បានដឹង និងបានស្គាល់ពីបុព្វបុរសខ្មែរ ដ៏ខ្លាំងពូកែនោះ ។ រដ្ឋបាលខេត្តកំពង់ធំ ដែលមាន សុខ លូ ជាប្រធាន បានរួមចិត្ត រួមគំនិតគ្នា កសាងរូបអាចារ្យ « ពោធិ៍កំបោរ»នេះឡើង ទុកអោយមនុស្សគ្រប់ជំនាន់ បានស្គាល់ និងគោរពប្រតិបត្តិ។

ឯកសារប្រវត្តិបានបញ្ជាក់ថា អាចារ្យពៅ ឬអាចារ្យលាក់ ត្រូវបានប្រសិទ្ធនាមជា « ពោធិ៍កំបោរ » ដោយសារលោកបានចេញមុខបះបោរប្រឆាំងនឹងបារាំង បានធ្វើអោយបារាំងភិតភ័យតក្កមា នៅខេត្តរោងដំរី ដែលជាស្រុកកំណើតរបស់ពោធិ៍កំបោរ និងបានបម្លាស់ទីជាច្រើនខេត្តទៀត ដើម្បីប្រឆាំងនឹងបារាំង។ បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងចលនាអ្នកតស៊ូជាមួយបារាំងនោះមក វីរៈភាពដ៏អង់អាចក្លាហាននេះ ត្រូវបានប្រជាជាតិខ្មែរ កត់ត្រា និងចងចាំទុក រហូតមកទល់សព្វថ្ងៃនេះ និងមានភូមិមួយ របស់ខេត្តកំពង់ធំ ត្រូវបានដាក់ឈ្មោះ “ភូមិអាចារ្យលាក់ ទៀតផង។

ខេត្តកំពង់ធំ ក្នុងគ្រាបច្ចុប្បន្ន ត្រូវគេទទួលស្គាល់ថា មានការរីកលូតលាស់គួរអោយកត់សម្គាល់ ប្រែមុខមាត់ថ្មី ក្នុងកិច្ចការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ហើយខេត្តនៅភាគកណ្តាលប្រទេសមួយនេះ ក៏ជាខេត្តដែលកំពុងមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកំសាន្ត ស្នាក់នៅ និងការទស្សនា នៅតាមតំបន់រមណីដ្ឋានប្រវត្តិសាស្ត្រនានា ពិសេស ប្រាសាទសំបូរព្រៃគុក យ៉ាងច្រើនកុះករ ហើយបានជួយបង្កើតមុខរបរ និងប្រាក់ចំណូល ដល់ប្រជាពលរដ្ឋក្នុងខេត្ត មានជីវភាពធូរធា កាត់បន្ថយបាន នូវភាពក្រីក្រ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជាប្រមុខដឹកនាំ ប្រកដោយគិត្តិបណ្ឌិត។ ប្រជាពលរដ្ឋបានលើកថា កម្ពុជា មានសម្តេចតេជោ សែន ធ្វើជានាយករដ្ឋមន្ត្រី នោះការដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព ជារៀងរហូត ៕ធ.ដ

ដោយ៖ ឡុង សំបូរ

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner