នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរផ្លូវគោកឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, អភិបាលរងរាជធានី-ខេត្ត, ស្នងការ ស្នងការរងនគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ បំណងគឺមានតែមួយគត់ គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើកកិត្តិយសសេចក្តីថ្លៃថ្នូររបស់ជាតិ ផ្តើមចេញពីការធ្វើដំណើរតាមដងផ្លូវ ហើយសង្ឃឹមថា ឆ្នាំ២០២០នេះ យើងនឹងជោគជ័យកាត់បន្ថយចំនួនរឿងហេតុ កាត់បន្ថយអ្នកគ្រោះថ្នាក់ឲ្យបាន ចង់កាត់បន្ថយបានយើងទាំងអស់ត្រូវប្តេជ្ញាចិត្ត និងមានការចូលរួមពីគ្រប់មជ្ឍដ្ឋានក្នុងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ដើម្បីអនុវត្តទិសដៅការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ និងស្មារតីប្រកាសរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ដែលកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានសម្រេចជោគជ័យ ក្នុងនាមប្រធានអនុគណៈកម្មការទី២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវវិធានការដូចជា៖

១-បង្កើនប្រសិទ្ធភាពការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគ្រោះថ្នាក់ សំដៅកាត់បន្ថយជាអតិបរមានូវហេតុការណ៍គ្រោះថ្នាក់ និងជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។
២-រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានភាពល្អប្រសើរជាលំដាប់ បញ្ចៀសបាននូវការកកស្ទះ ដែលធ្វើឲ្យប៉ះពាល់ដល់លំហូរចរាចរណ៍ និងការខាតបង់នូវអត្ថប្រយោជន៍បុគ្គល និងសង្គម។
៣-លើកកម្ពស់ថែមទៀតនូវស្មារតីចូលរួមគោរពអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ។
៤-ដាក់ចេញវិធានការជាក់ស្តែង ដើម្បីពង្រឹងគុណភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៥-រៀបចំកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសបម្រើប្រតិបត្តិការឲ្យបានគ្រប់គ្រាន់។
៦-ត្រូវលើកសរសើរជូនរង្វាន់ លើកទឹកចិត្តចំពោះមន្រ្តីមានស្នាដៃ និងអនុវត្តន៍វិន័យម៉ឺងម៉ាត់ចំពោះមន្រ្តីដែលខុសឆ្គង ក្នុងករណីធ្ងន់ធ្ងរអនុវត្តវិធានការច្បាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានដាក់ចេញនូវសំណូមពរ ៩ចំណុច ដល់អនុគណៈកម្មការសុវត្ថិភាពរាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២០ យកទៅអនុវត្តន៍៖
១-ពង្រឹងតួនាទីដឹកនាំ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
២-ពិនិត្យដោះស្រាយដាក់ចេញវិធានការកែលម្អសណ្តាប់ធ្នាប់សាធារណៈ។
៣-ចាត់វិធានការគ្រប់គ្រងទ្រូងផ្លូវ-ចិញ្ចើមផ្លូវ។
៤-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ លូ គំនូស ស្លាកសញ្ញាចរាចរណ៍)។
៥-ចាត់តាំងផ្សព្វផ្សាយដល់មន្រ្តីរាជការ អនុវត្តន៍ច្បាប់ដល់ប្រជាពលរដ្ឋទូទៅឲ្យបានជ្រួតជ្រាបស្តីពីច្បាប់ស្តីពីរាចរណ៍ផ្លូវគោក ដោយមានទំនើបកម្មជាងមុន ជាក់ស្តែងជាងមុន។
៦-អភិបាលរាជធានី-ខេត្ត ចាត់តាំងអភិបាលរង ១រូប ប្រចាំការពិនិត្យឡើងវិញជុំវិញស្ថានភាពចរាចរណ៍ក្នុងខេត្តរបស់ខ្លួន និងស្នងការរាជធានី-ខេត្តចាត់មន្រ្តីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅស្នងការដ្ឋានផង និងជាមួយរដ្ឋបាលខេត្តផង។
៧-លើកទឹកចិត្ត អនុវត្តវិន័យ និងច្បាប់ដល់មន្រ្តី។
៨-ធ្វើរបាយការណ៍តាមការកំណត់ (ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ។ល។) ផ្ញើមកអនុគណៈកម្មទី២ តាមរយៈនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ជាសានាធិការ។
៩-រៀបចំកិច្ចប្រជុំដកពិសោធន៍តាមពេលវេលាដែលបានកំណត់
ឯកឧត្តមអគ្គស្នងការ ក៏ស្នើឲ្យខាងសាធារណៈការ បង្កើនការគ្រប់គ្រងសាលាបង្រៀនបើកបរ (នគរបាលសហការជាមួយសាធារណៈការ) និងយានដ្ឋានជួសជុលកែច្នៃតំឡើងរថយន្ត(អត់ច្បាប់បិទ បើរឹងរួសកសាងសំណុំរឿងទៅតុលាការ បើមានច្បាប់ត្រូវពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានម៉ត់ចត់), ពង្រឹងសមត្ថភាព គុណភាពពិនិត្យបច្ចេកទេសយានយន្ត។

ដោយឡែកស្នងការដ្ឋានរាជធានី-ខេត្ត ត្រូវធ្វើជាសេនាធិការឲ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងពង្រឹងសមត្ថភាពមន្រ្តីចរាចរណ៍ផ្លូវគោកទាំងច្បាប់ និងរបៀបរបបឥរិយាបថឈរជើងនៅតាមផ្លូវ។ ចំពោះការបណ្តុះបណ្តាលឆ្នាំ២០២០ គឺបង្រៀនចរាចរណ៍ និងរបៀបរបបរៀបចំសណ្តាប់ធ្នាប់ គឺបង្រៀនឲ្យដល់នគរបាលប៉ុស្តិ៍រដ្ឋបាល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner