ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បន្តចុះមកផ្ទៀងផ្ទាត់កំណត់ដែនរក្សាការពារ បុរាណដ្ឋាននៅខេត្តក្រចេះ
ក្រចេះ៖ ទីទួលបុរាណដ្ឋានចំនួន ១២៦ កន្លែង បានរកឃើញក្នុងខេត្តក្រចេះ និងបានធ្វើការផ្ទៀងផ្ទាត់កំណត់ដែនរក្សាការពារពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីដាក់បញ្ចូលក្នុងកិច្ចគាំពារ ឲ្យដល់អាជ្ញាធរដែនដីជួយថែរក្សា និងគ្រប់គ្រង និងដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញខឿនសេដ្ឋកិច្ចឲ្យកាន់តែប្រសើរ នេះបើតាមបញ្ជាក់របស់លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា នឹងបុរេប្រវត្តិ នៅក្នុងពេលចុះផ្សព្វផ្សាយដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកសំបូរ ។
លោក ប្រធាននាយកដ្ឋាន បុរាណវិទ្យា នឹងបុរេប្រវត្តិ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមការងារចុះមកថ្ងៃនេះដើម្បីមក ផ្ទៀងផ្ទាត់ កំណត់ដែនរក្សាការពារ បុរាណដ្ឋាននៅខេត្តក្រចេះដូច្នេះដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងស្ថានីយបុរាណ ដែលមាននៅទូទាំងខេត្តក្រចេះ ឲ្យមានប្រសិទ្ធភាព ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានដាក់ទិសដៅការងារគ្រប់គ្រងស្ថានីយបុរាណ ឲ្យបានគត់មត់ ដោយប្រើនិតិវិធីពិនិត្យផ្ទៀងផ្ទាត់ និងធ្វើផែនទីកំណត់ ទំហំដែនរក្សា ការពារស្ថានីយបុរាណ ដើម្បីដាក់បញ្ចូលក្នុងកិច្ចគាំពារ ឲ្យដល់អាជ្ញាធរដែនដី ជួយថែរក្សា និងគ្រប់គ្រង ដោយយោងលើវិសាលភាពនៃការងារត្រូវការរយៈពេលយូរ ដូច្នេះក្រុមការងារជ្រើសរើសគោលដៅអាទិភាព ដែលកំពុងប្រឈមខ្លាំងមកអនុវត្ត ។
ហើយជោគជ័យទាំងនេះ គឺទទួលបានពីការណែនាំ និងចង្អុលបង្ហាញពីលោកជំទាវរដ្ឋមន្រ្តីក្រសួង និងមានការចូលរួមជ្រុមជ្រែងពីគ្រប់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដែលបានឧបត្ថម្ភជាថវិការ ក្នុងដំណើរចុះពិនិត្យ និងផ្ទៀងផ្ទាត់នេះ ។
លោកបញ្ជាក់ទៀតថា ៖ សម្រាប់ទីទួលបុរាណដ្ឋានដែលបានរកឃើញ ធ្វើការផ្ទៀងផ្ទាត់ និងបានចេញប្លង់កម្មសិទ្ធកំណត់ និងថែរក្សាដីនោះ ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ មិនត្រូវបានចេញប្លង់កម្មសិទ្ធិដីធ្លី( ប្លងរឹង )ឲ្យនោះទេ ហើយត្រូវបានហាមឃាតផងដែរ ។
លោកស្រី ខាំ សុភាព អភិបាលរងខេត្ត មានប្រសាសន៍គាំទ្រ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានចាត់ក្រុមមន្រ្តីជំនាញ ដើម្បីចុះមកធ្វើការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជពលរដ្ឋតាមមូលដ្ឋាន ឲ្យដឹងអំពីទីទួលបុរាដ្ឋាន និងទឹកតាងវប្បធម៌ដូនតាក្នុងតំបន់នោះ ។


