ខណៈដែលអាមេរិកប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋខ្លួនចេញឱ្យទាន់កាលកំណត់ គ្រាប់រ៉ុក្កែតយ៉ាងតិច ៥គ្រាប់ត្រូវបានបាញ់តម្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល ប៉ុន្ដែត្រូវបានបាញ់កម្ទេចដោយប្រព័ន្ធការពារ C-RAM

អត្ថបទដោយ៖
AMS OneMinute

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បញ្ជាក់ថាអាកាសយានដ្ឋានពិតជារងការវាយប្រហារ ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការជម្លៀសប្រជាជននោះទេ។ គិតមកត្រឹមព្រឹកថ្ងៃទី៣១ សីហានេះ មិនមានសេចក្ដីរាយការណ៍ណាមួយបញ្ជាក់ពីចំនួនជនរងគ្រោះ និងអ្នកស្លាប់បាត់បង់ជីវិតនោះទេ។

យន្តហោះជម្លៀសពលរដ្ឋរបស់អាមេរិកនៅតែបន្តដំណើរការក្រោយការវាយប្រហារ ហើយមនុស្សប្រមាណ ១.២០០នាក់ត្រូវបានជម្លៀសចេញពីរដ្ឋធានីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

ការវាយប្រហារថ្មីៗរបស់ក្រុមរដ្ឋអ៉ីស្លាមនេះ ធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ISIS-K ដែលជាគូប្រជែងរបស់តាលីបង់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅច្រកចូលអាកាសយានដ្ឋានក្រុងកាប៊ុល ដែលសម្លាប់ប្រជាជនអាហ្វហ្កានីស្ថាន និងទាហានអាមេរិកយ៉ាងហោចណាស់ ១៨០នាក់។

ក្រុមតាលីបង់អះអាងថា ខ្លួននឹងបើកដំណើរការហោះហើរធម្មតា បន្ទាប់ពីការដកទ័ពរបស់អាមេរិកត្រូវបានបញ្ចប់នៅថ្ងៃអង្គារនេះ។ ទោះយ៉ាងណា គេនៅតែមិនច្បាស់ថាតើក្រុមសកម្មប្រយុទ្ធនេះនឹងដំណើរការជើងហោះហើរយ៉ាងដូចម្តេច ហើយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មណានឹងចាប់ផ្តើមប្រតិបត្តិការខណៈដែលការព្រួយបារម្ភសន្តិសុខនៅតែបន្ត។

ប្រភព៖ CNN

ads banner