សមត្ថកិច្ចនគរបាល បញ្ជូនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនជាង ៨០០គ្រាប់ ទៅតុលាការខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ស្ត្រីវ័យ ២៧ឆ្នាំម្នាក់ ដែលជាប់សង្ស័យក្នុងអំពើជួញដូរ នូវសាធាតុញៀនខុសច្បាប់ជាង ៨០០គ្រាប់ និងមានតម្លៃជាទឹកប្រាក់ច្រើនពាន់ដុល្លារ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនខ្លួនរួមនិងវត្ថុតាងបទល្មើស ទៅកាន់តុលាការខេត្តព្រះវិហារ នៅថ្ងៃទី ០១កញ្ញាឆ្នាំ២០២១នេះ ។

ការបញ្ជូនខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបទល្មើសនោះ បានធ្វើឡើងក្រោយបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួន និងការរឹបអូសយកវត្ថុតាង កាលពីម៉ោង១០ និង៥១នាទីព្រឹក ថ្ងៃទី៣១ សីហា ឆ្នាំ២០២១ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ បានបង្ហើបឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់នោះ បានអនុវត្តដោយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រឡៅពីរ និងកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនកំពង់ព្រះឥន្ទ នៃវរ:នគរបាលព្រំដែនគោកលេខ ១០៥ ក្រោមការអនុវត្តបទបញ្ជារបស់ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។

សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ អិត ណាងណយ ហៅ ណយ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ។ ចំណែក វត្ថុតាងដែលដកហូតបាននៅក្នុងពេលនោះ មានថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន WY ចំនួន ៨៦៤គ្រាប់ ស្មើនឹងទម្ងន់ ៨៧,៧២ក្រាម ,ទូរស័ព្ទ ២គ្រឿង ,លុយខ្មែរ ២លានរៀល ,លុយដុល្លារ ៤ពាន់ ៧០០ដុល្លារ និងលុយឡាវ ចំនួន ៤លានគីប ផងដែរ ។ ជនសង្ស័យ រួមនិងវត្ថុតាងបទល្មើស ត្រូវបាន ចងក្រងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ នោះហើយ ដើម្បីចាត់ការបន្ត តាមនីតិវិធី ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner