ខណៈកាតាជាតួអង្គសំខាន់ក្រោយអាមេរិកដកទ័ព តើប្រទេសនេះអាចជាស្ពានសម្រាប់ឱ្យតាលីបង់ឆ្លងទៅពិភពលោកឬយ៉ាងណា?

កាតា​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជម្លៀស​ប្រជាជន​រាប់ម៉ឺន​​នាក់​ចេញ​ពី​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ចូល​កាន់​កាប់​រដ្ឋ​ធានី​កាប៊ុល​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា ​ខណៈ​ដែល​ប្រទេស​នេះ​មាន​ទំនាក់​ទំនង​ទាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​ពួក​តាលីបង់​។​

​តាម​ការ​ប៉ាន់​ប្រមាណ ៤០ ​ភាគរយ​នៃ​ប្រជាជន​ដែល​ត្រូវ​​ជម្លៀស​​ជាង​ ១១ ​ម៉ឺន​នាក់​ បាន​ហោះ​ចេញ​ពី​អាកាស​យាន​ដ្ឋាន​កាប៊ុល​ក្រោម​ប្រតិបត្តិការ​របស់​សហរដ្ឋ​អាមេរិក​ និងស​ម្ព័ន្ធ​មិត្ត​​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​​ ដោយ​ឆ្លង​កាត់​មូលដ្ឋាន​ទ័ព​អាកាស​ Al-Udeid ​របស់​កាតា​ក្រុង​ដូហា​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទីបី​​​។ ​ប្រទេស​នេះ​ក៏​ដឹក​មនុស្ស​ ១ ៥០០ ​នាក់​ដោយ​ផ្ទាល់​ តាម​ការ​ស្នើ​សុំ​របស់​អង្គការ​អន្តរជាតិ​ និង​បាន​ធានា​សុវត្ថិភាព​ដល់​អាកាស​យាន​ដ្ឋាន​សម្រាប់​មនុស្ស​ ៣ ០០០ ​នាក់​​​។

​ជាមួយ​គ្នា​នោះ​ មាន​សកម្មភាព​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​ឱ្យ​ប្រទេស​អេមីរ៉ាត​មួយ​នេះ​ទទួល​​ការ​កោត​សរសើរ​ ក្នុង​នោះ​រួម​មាន​ការ​សាង​សង់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ជម្រក​ ​ការ​ចែក​ចាយ​​អាហារ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​ក្នុង​មួយ​ថ្ងៃ ​និង​ការ​ផ្តល់​ជើង​យន្តហោះ​ពី​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​ Qatar Airways ​ដើម្បី​ដឹក​​អ្នក​ដែល​ត្រូវ​ជម្លៀស​ជាដើ​ម​។​

​ក្រៅ​ពី​តួនាទី​សំខាន់​ក្នុង​ការ​ជម្លៀស​ប្រជាជន​ ប្រទេស​អ្នក​មាន​សម្បូរ​ប្រេង​កាត​មួយ​នេះ ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​បើក​ទីស្ដីការ​​នយោបាយ​របស់​តាលីបង់​នៅ​ដូហា​ក្នុង​ឆ្នាំ​ ២០១៣ ​ដោយ​មាន​ការ​គាំទ្រ​ពី​អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ បារ៉ាក់​ អូបាម៉ា ​(Barack Obama)។​ បន្ទាប់​មក​ទៀត​ កាតា​ក៏​ធ្វើ​ជា​​អ្នក​សម្រប​សម្រួល​លើ​កិច្ចចរចារ​​ដក​ទ័ព​បរទេស​រវាង​អាមេរិក​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ​ ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០២០​។​

ការ​ស៊ក​ខ្លួន​ជា​ថ្មី​របស់​កាតា​ចូល​ទៅ​ក្នុង​បញ្ហា​នៅ​អាហ្វហ្គានីស្ថាន​​  ធ្វើ​ឡើង​តែ​ប្រមាណ​ ៧​ ខែ​ប៉ុណ្ណោះ ​បន្ទាប់​ពី​ប្រទេស​បួន​រួម​មាន​អារ៉ាប៊ីសាអូឌីត​ អេមីរ៉ាតអារ៉ាប់រួម ​អេហ្ស៊ីប​ និង​បារ៉ែន​ ​ បាន​លើក​​បំរាស​​ដែល​ខ្លួន​ដាក់​ហាម​ឃាត់​យន្តហោះ​ និង​នាវា​របស់​កាតា​ពី​ផ្លូវ​អាកាស​ និង​​ផ្លូវ​សមុទ្រ​របស់​ខ្លួន​​ ក្រោយ​ចោទ​ប្រកាន់​ប្រទេស​នេះ​ថា​គាំទ្រ​ក្រុម​ជ្រុល​និយម​ និង​អង្គការ​ភេរវករ​រួម​មាន​អាល់កៃដា​ និង​ក្រុម​រដ្ឋ​អ៊ិស្លាម​​កាល​ពី​ឆ្នាំ ​២០១៧​។​

​តាម​រយៈ​សកម្មភាព​ជាច្រើន​ទាំង​នេះ​ អ្នក​ជំនាញ​និយាយ​ថា​ វិធីសាស្រ្ត​របស់​រដ្ឋាភិបាល​ក្រុង​ដូហា​គឺ​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​សារៈ​សំខាន់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​ប្រទេស​សំខាន់​ៗ​ ជា​ពិសេស​សហរដ្ឋ​អាមេរិក​ ដែល​ទើប​រើ​​បេសកកម្ម​ការ​ទូត​របស់​ខ្លួន​ពី​ក្រុង​កាប៊ុល​ទៅ​ក្រុង​ដូហា​កាល​ពី​ថ្ងៃ​ចន្ទ​ មួយ​ថ្ងៃ​មុន​កាល​កំណត់​ដក​ទ័ព​ពី​អាហ្វហ្គានីស្ថាន​។​

​​​លោក​ David​ Roberts ​សាស្ត្រាចារ្យ​រង​នៅ​ដេប៉ាតឺម៉ង់​សិក្សា​ផ្នែក​សង្គ្រាម​នៅ​ King’s College ​ក្រុង​ឡុងដ៍​​ និយាយ​ថា​ តួនាទី​ជា​អ្នក​សម្រប​សម្រួល​របស់​កាតា​​ គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​សង្ស័យ​។ ​លោក​និយាយ​ថា​៖​ «​កាតា​​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ​​ ដើម្បី​បង្កើត​កន្លែង​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​​ជាមួយ​សហរដ្ឋ​អាមេរិក​ ​ជួយ​អាមេរិក​លើ​បញ្ហា​ពិសេស​ ដូច​ជា​ការ​ចរចា​សម្រាប់​ការ​ដោះលែង​ទាហាន​អាមេរិក​ឈ្មោះ ​Bowe Bergdahl ​ពី​ពួក​តាលីបង់​ និង​ជួយ​ដល់​ការ​ជម្លៀស​ដូច​ឥឡូវ​នេះ​ជាដើម​»​។​

ចំណែក​ឯ​លោក​ Abdullah​ Baabood ​នាយក​នៃ​ការ​សិក្សាលើ​ពិភព​អ៊ិស្លាម​​នៅ​សាកល​វិទ្យាល័យ​ Waseda ​បាន​និយាយ​ថា​៖​ «​កាតា​បាន​បង្ហាញ​ថា​ ខ្លួន​គឺ​ជា​ដៃគូ​ដ៏​មាន​ប្រយោជន៍​ ហើយ​នេះ​ពិត​ជា​នឹង​ជួយ​លើក​កម្ពស់​តួនាទី​ និង​ឋានៈ​ជា​អ្នក​សម្រប​សម្រួល​អព្យាក្រឹត​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ មាន​ឥទ្ធិពល​ និង​មាន​សមត្ថភាព​»​។​

​សម្រាប់​លោក​ Roberts ​ករណី​ដែល​ថា​កាតា​អាច​ក្លាយ​ជា​ស្ពាន​សម្រាប់​ឱ្យ​តាលីបង់​ឆ្លង​ទៅ​កាន់​ពិភពលោក​ឬ​យ៉ាង​ណា​នោះ​ វា​មិន​ទាន់​ច្បាស់​ ដោយ​ហេតុ​ថា​គេ​មិន​ដឹង​ពី​ទំហំ​នៃ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ដូហា​ និង​ពួក​តាលីបង់​ក្រោម​ការ​សម្រប​សម្រួល​របស់​កាតា​ និង​ម្យ៉ាង​ទៀត​ការ​រួប​រួម​គ្នា​របស់​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។​

ប៉ុន្តែ​លោក​ទាំង​លោក​  Roberts ​និង​លោក​ Baabood ​និយាយ​ថា​ វា​អាស្រ័យ​ទៅ​លើ​ការ​គ្រប់​គ្រង​របស់​ពួក​តាលីបង់​។​​ លោក​ Baabood ​និយាយ​ថា​៖​ «​រហូត​មក​ដល់​ពេល​នេះ​ កាតា​ហាក់​ដូច​​ជា​កំពុង​បម្រើ​ជា​ស្ពាន​ដ៏​មាន​ប្រសិទ្ធ​ភាព​រវាង​តាលីបង់​ និង​សហគមន៍​អន្តរជាតិ​ ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​ដែល​​អាស្រ័យ​លើ​របៀប​ដែល​ក្រុម​នេះ​​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​នាពេល​អនាគត​»​។​ លោក​បន្ត​ថា​៖​ «​មាន​តែ​ពេល​វេលា​ទេ​ដែល​នឹង​ប្រាប់​យើង​ថា​តាលីបង់​នឹង​វិវត្ត​ទៅ​ជា​បក្ស​ដែល​អាច​ទទួល​យក​បាន​តាម​រយៈ​ទង្វើ​ មិន​មែន​គ្រាន់​តែ​ការ​សន្យា​ និង​ពាក្យ​សម្តី​ទេ​»​​។

យ៉ាង​ណា​មិញ​ អ្នក​វិភាគ​​និយាយ​ថា​​ តួនាទី​លេចធ្លោ​របស់​កាតា​ក្នុង​នាម​ជា​អ្នក​សម្រុះ​សម្រួល​នៅ​អាហ្វហ្គានីស្ថាន​ ក៏​មាន​ហានិភ័យ​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​ ដោយ​សារ​ការ​ព្រួយ​បារម្ភ​អំពី​របៀប​ដែល​តាលីបង់​នឹង​គ្រប់​គ្រង​។​

លោក​ស្រី C​inzia​ Bianco ​មក​ពី​ក្រុម​ប្រឹក្សា​អឺរ៉ុប​ស្តី​ពីទំ​នាក់​ទំនង​ការ​បរទេស​ (ECFR)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែកឡាំង​និយាយ​ថា​ ប្រទេស​កាតា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​នៅ​ពេល​និយាយ​អំពី​ថា​តើ​ត្រូវ​ទទួល​ស្គាល់​រដ្ឋា​ភិបាល​តាលីបង់​ជា​ផ្លូវការ​ឬ​យ៉ាង​ណា​។​​

លោក​ស្រី​និយាយ​ថា​៖ ​«​ពួកគេ​ស្គាល់​តាលីបង់​ហើយ​ ពួក​គេ​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អាហ្វហ្គានីស្ថាន​ ហើយ​វា​នឹង​ក្លាយ​ជា​រឿង​ដ៏​ហួស​ប្រមាណ​។​ ពួក​គេ​មិន​ចង់​ឱ្យ​រូប​ភាព​របស់​ខ្លួន​ ជាប់​ទាក់​ទង​ជាមួយ​តាលីបង់​នោះ​ទេ​»​។ ​សម្រាប់​ហេតុ​ផល​នេះ​ លោក​ស្រី​​បន្ថែម​ថា​ ​កាតា​បាន​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​បញ្ជាក់​ថា​អន្តរកម្ម​អ្វី​ក៏​ដោយ​ដែល​ពួក​គេ​មាន​ជាមួយ​តាលីបង់​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner