ឯកឧត្តម សៅ សុភាព ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងពិនិត្យពីវឌ្ឍនភាពការងារលើគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹង និងប្លាស្ទិក
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារក្រសួងបរិស្ថានជួបប្រជុំជាមួយអ្នកស្រី Katelijn Van den Berg ប្រធានក្រុមការងារធនាគារពិភពលោក និងជាអ្នកឯកទេសបរិស្ថានជាន់ខ្ពស់ ដើម្បីពិភាក្សាការងារ និងពិនិត្យពីវឌ្ឍនភាពការងារលើគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ដែលជាហិរញ្ញប្បទានរបស់ធនាគារពិភពលោក (ថវិកាសរុប ៦៣លាន USD ក្នុងនោះ PROBLUE Grant ចំនួន ៣លាន USD) សម្រាប់រយៈពេល ៦ឆ្នាំ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាលើលទ្ធផលសិក្សាសមិទ្ធិផលទ្ធភាពបឋម និងពិនិត្យឡើងវិញលើជម្រើសទីតាំងទីលានទុកដាក់សំរាម សំណល់រឹងដែលសមស្របនៅក្រុងចំនួន៣ នៃខេត្តសៀមរាប កណ្ដាល និងកំពង់ស្ពឺ ក្របខណ្ឌគ្រប់គ្រងបរិស្ថាននិងសង្គម វឌ្ឍនភាពលើការងាររៀបចំគម្រោងទូទៅ និងជំហ៊ានត្រូវធ្វើបន្ត។
ឆ្លៀតក្នុងឱកានោះ ឯកឧត្តម សៅ សុភាព បានស្នើសុំក្រុមការងារធនាគារពិភពលោកពិចារណា និងបញ្ជាក់ឱ្យបានច្បាស់អំពីស្ថាប័នដែលជាអ្នកដឹកនាំសម្របសម្រួលគម្រោង និងស្ថាប័នដែលជាអ្នកដឹកនាំក្រុមការងាររៀបចំគម្រោង ដែលកិច្ចការនេះត្រូវមានភាពច្បាស់លាស់ពីដើមទី។ ឯកឧត្តម ជា ស៊ីណា ក៏បានស្នើសុំឱ្យមានការបញ្ជាក់អំពីមូលហេតុដែលមិនសិក្សាអំពីស្ថានភាពសំរាម សំណល់រឹងនៅក្រុងបាត់ដំបង និងកំពង់សោម និងតម្រូវការរៀបចំស្ថានីយផ្ទេរសម្រាប់ក្រុងសៀមរាប (ចម្ងាយផ្លូវដឹកជញ្ជូនខ្លី) និងជូនយោបល់អំពីតម្រូវការពេលវេលាក្នុងការពិនិត្យសម្រេចឯកសារក្របខណ្ឌបរិស្ថាន និងសង្គម (មិនទាន់មានទីតាំងច្បាស់លាស់) ក៏ដូចជាគ្រោងចំណាយវិនិយោគ និងប្រតិបត្តិការទីលានដែលហាក់បីមានសង្គតភាពជាមួយស្ថានភាពជាក់ស្តែង។
ជាលទ្ធផល នៃកិច្ចប្រជុំរួមមាន៖
១)ក្រុមការងារធនាគារពិភពលោកនឹងចែករំលែកឯកសារពាក់ព័ន្ធនឹង«ក្រុមការងាររៀបចំគម្រោង» មកក្រសួង បរិស្ថានដើម្បីពិនិ្យនិងផ្តល់យោបល់។
២)ចំពោះក្រុងបាត់ដំបង និងក្រុងព្រះសីហនុមិនមានការសិក្សាពីស្ថានភាពសំរាម សំណល់រឹង ដោយសារមិនមានការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ។
៣)ការពិនិត្យសម្រេចលើឯកសារក្របខណ្ឌបរិស្ថាន និងសង្គម មិនអាចរងចាំរហូតដល់ទីតាំងទីលានត្រូវបានកំណត់ច្បាស់លាស់ (ដោយសារលក្ខខណ្ឌពេលវេលា ហើយការសិក្សា EIA នឹងអនុវត្តតាមគោលការណ៍របស់ក្រសួងបរិស្ថាននៅដំណាក់កាលអនុវត្តគម្រោង)។
៤)ក្រុមការងារធនាគារពិភពលោកនឹងពីនិត្យឡើងវិញអំពីគ្រោងចំណាយវិនិយោគ និងប្រតិបត្តិការដែលក្រសួងបរិស្ថានស្នើពិនិត្យនិងបញ្ជាក់ពីភាពមិនមានសង្គតភាពនឹងស្ថានភាំពជាក់ស្តែង។
គួររម្លឹកឱ្យដឹងថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ឯកឧត្តម ជា ស៊ីណាអគ្គនាយកគាំពារបរិស្ថាន តំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសហការីធនាគារពិភពសរុប១៦រូប៕ ដោយ / គ្រី សម្បត្តិ