រឿងអាស្រូវ Theranos និង អេលីសាបិត ហូមស៍ ៖ ហេតុអ្វីស្រ្តីរូបនេះប្រឈមមុខតុលាការនៅពេលនេះ?

ក្នុង​​ឆ្នាំ​ ២០១៤ ​លោក​ស្រី​ អេលីសាបិត ​ហូមស៍​ (Elizabeth Holmes) ​ដែល​កាល​នោះ​មាន​អាយុ​ ៣០ ​ឆ្នាំ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ មហា​សេដ្ឋី​នី​វ័យ​ក្មេង​​បង្កើត​ទ្រព្យ​ដោយ​ខ្លួន​ឯង​។​

ក្នុង​នាម​ជា​ស្ថាននិក​របស់​ក្រុម​ហ៊ុន​ Theranos ​​ដែល​មាន​តម្លៃ​ពាន់​លាន​ដុល្លារ​​ លោក​ស្រី​ត្រូវ​បាន​ទស្សនាវដ្ដី​ Inc​ ដែល​ល្បី​ខាង​ផ្នែក​ជំនួញ​ ចុះ​លើក្រ​ម​មុខ​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​​ថា​ «​The​ Next ​Steve​ Jobs​»​ ឬ​ «​ស្ទីវចប​បន្ទាប់​»​។ ​

ក្រុមហ៊ុន​ Theranos ​របស់​អ្នក​​ស្រីហូមស៍​​ បង្កើត​ឡើង​ដើម្បី​ធ្វើ​បដិវត្ត​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ដោយ​ចំណាយលុយអស់តិច​ និង​ងាយ​ស្រួយ​ប្រើ​ប្រាស់​ គ្រាន់​តែ​ប្រើ​​ឈាម​​តែ​មួយ​​ដំណក់​​ប៉ុណ្ណោះ​។ តាម​រយៈ​នេះ​ ម៉ាស៊ីន​​តេស្តអេឌីសុន​របស់​ក្រុមហ៊ុន​ មាន​សមត្ថភាព​អាច​រក​ឃើញ​ស្ថានភាព​ជំងឺ​ដូច​ជា​មហារីក​ និង​ទឹក​នោម​ផ្អែម​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​ចាំ​បាច់​ប្រើ​ម្ជុល​។​

ភាព​ល្បី​ល្បាញ​នៃ​ Theranos ​បាន​ទាក់​ទាញ​អ្នក​ផ្តល់​ហិរញ្ញប្បទាន​ អ្នក​នយោបាយ​ និង​អ្នក​ដឹក​នាំ​​អាជីវកម្ម​​​ជា​ច្រើន​ឱ្យ​ធ្វើ​ការ​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​ ក្នុង​នោះ​រួម​មាន​​ទាំង​អ្នក​ជំនួញ​មហា​សេដ្ឋី​លោក ​Rupert ​Murdoch ​និង​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Henry ​Kissinger ​​ផងដែរ​​។​

យ៉ាង​ណា​មិញ​ ក្រុម​ហ៊ុន​នេះ​បាន​ដួល​រលំ​ក្នុង​ឆ្នាំ​ ២០១៨ ​ហើយ​​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​​អ្នក​​ស្រី​ហូមស៍​ និង​ដៃគូ​ជំនួញ​ម្នាក់​ទៀត​ ​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​រហូត​ទៅ​ដល់​ចំនួន​ ១២​។​ 

តើ​អ្វី​គ្រប់​យ៉ាង​ចាប់​ផ្ដើម​នៅ​ពេល​ណា​?​

លោក​ស្រី​ អេលីសាបិត ​ហូមស៍ ​បច្ចុប្បន្ន​អាយុ​ ៣៧ឆ្នាំ​ ​​ឈប់​រៀន​ផ្នែក​វិស្វកម្ម​គីមី​នៅ​សាកល​វិទ្យាល័យ​ស្ទែនហ្វដ​របស់​ខ្លួន​​ នៅអាយុ​ ​១៩ ​ឆ្នាំ​​ ​ហើយក៏​សម្រេច​ចិត្ត​​​បើក​ក្រុម​ហ៊ុន​ Theranos ​ក្នុង​ឆ្នាំ​ ២០០៣ ​ដោយ​មាន​វិធី​សាស្រ្ត​បដិវត្ត​ជាក់​ស្តែង​មួយក្នុង​ការ​ធ្វើ​តេស្ត​ឈាម​ពី​ការ​ចាក់​ម្រាម​ដៃ​។​

តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ញូវយ៉ក​ថែមស៍​ លោក​ស្រី​បាន​ជួល​មិត្ត​ប្រុស​របស់​ខ្លួន​លោក​ Ramesh ​Sunny Balwani​ Balwani ​ដែល​ជា​អ្នក​ជំនួញ​ជន​ជាតិ​ប៉ាគីស្ថាន-អាមេរិកាំង​ក្នុង​ឆ្នាំ​ ២០០៩ ​និង​​​រ៉ៃ​ប្រាក់​បាន​ជាង​ ៧០០ ​លាន​ដុល្លារ​ពី​វិនិយោគិន​​ ហើយ​តម្លៃ​របស់​ក្រុម​ហ៊ុន​ Theranos ​ក្រោយ​មក​បាន​កើន​ឡើង​រហូត​ដល់ ​៩ ​ប៊ីលាន​ដុល្លារ​។​

អ្នក​​ស្រី ​ហូមស៍ ​និយាយ​នៅ​ក្នុង​សន្និសីទ​ឆ្នាំ​ ២០១៤ ​​មួយ​ថា​៖​ «​យើង​បាន​បង្កើត​ប្រព័ន្ធ​នៃ​មន្ទីរពិសោធន៍​បែប​ប្រពៃណី​ឡើង​វិញ​។​ វា​ជួយ​លុប​បំបាត់​តម្រូវការ​ឱ្យ​មនុស្ស​មាន​ម្ជុល​ជាប់​នឹង​ដៃ​»​​។​ គេ​មើល​ឃើញ​ថា​ នា​ពេល​នោះ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ស្រី​ ហក់​ឡើង​ដល់​កំពូល​នៃ​ពិភព​លោក​ ដោយ​ទាញ​ការ​ចាប់​អារម្មណ៍​ជាច្រើន​ជា​ពិសេស​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​

​មិន​បាន​ប៉ុន្មាន​ផង​ក្នុង​ឆ្នាំ​ ២០១៥ ​អ្នក​​ស្រី​ ហូមស៍​ (Elizabeth Holmes )ត្រូវ​បាន​គេ​ទម្លាយ​ការ​ពិត​ថា​បច្ចេក​វិទ្យា​ដែល​លោក​ស្រី​ខំ​ពពាយ​នាយ​នោះ​ មិន​ជា​ដំណើរ​ការ​ដូច​មាត់​នោះ​ទេ​។ ​កាសែត​ The Wall Street Journal ​នៅ​ពេល​នោះ​​បាន​ចុះ​ផ្សាយ​ថា​ ​លទ្ធផល​តេស្ត​មិន​គួរ​​​ឱ្យ​ទុក​ចិត្ត​​ ហើយ​ថា​ក្រុម​ហ៊ុន​នេះ​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ដែល​អាច​រក​ទិញ​បាន​ និង​ផលិត​ដោយ​ក្រុម​ហ៊ុន​​ផ្សេង​ទៀត​ ​ដើម្បី​​ការ​ធ្វើ​តេស្ត​ភាគ​ច្រើន​។​

លោក​ Tyler ​Shultz ​​ចៅ​ប្រុស​របស់​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក ​George ​Shultz ​ហើយ​​​ជា​វិស្វករ​ស្រាវជ្រាវ​នៃ​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​របស់​ Theranos បា​ន​និយាយ​ជា​មួយ​អ្នក​កាសែត​របស់​ The ​Journal​ ​ដោយ​សម្ងាត់​នៅពេ​ល​លោក​កត់​សម្គាល់​ពី​ «​ការ​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​គុណភាព​»​ នៃ​ម៉ាស៊ីន​អេឌីសុន​របស់​ក្រុមហ៊ុន​។​ ​​ខណៈ​ដែល​បញ្ហា​មិន​ត្រូវ​បាន​​យក​ចិត្ត​ទុក​ដាក់​​ លោក​ Shultz ក៏​លា​​ឈប់​​ហើយ​បន្ត​ធ្វើ​ការ​លើ​កំណត់​ត្រា​អំពី​​បញ្ហា​ដែល​លោក​រក​ឃើញ​នៅ​កន្លែង​ធ្វើ​ការ​​។

ក្នុង​ឆ្នាំ​​២០១៨ ​មនុស្ស​ចំនួន​៩​ នាក់​ដែល​​ប្រើ​បច្ចេក​វិទ្យា​តេស្ត​ឈាម​របស់​ Theranos ​​បាន​ចេញ​មុខ​ក្នុង​បណ្តឹង​​ប្រឆាំង​ក្រុម​ហ៊ុន​​ និង​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​​លក់​ឧសថ​អាមេរិក​ Walgreens ​ហើយ​ជា​ក្រុម​ហ៊ុន​​​សហការ​ជាមួយ ​Theranos ផងដែរ​ ​។ ​អ្នក​ជំងឺ​ម្នាក់​​អះអាង​ថា​ ខ្លួន​បាន​​ធ្វើ​តេស្តិ៍​វិជ្ជមាន​ជំងឺ​ស្វ័យស៊ាំ​មួយ​​​លើ​ឧបករណ៍​ Theranos ​ទោះ​បី​វេជ្ជ​បណ្ឌិត​ផ្ទាល់​ខ្លួន​​​ថា​​លោក​ស្រី​មិន​មាន​ជំងឺ​នោះ​ក៏​ដោយ​។​ ស្ត្រី​ម្នាក់​ទៀត​ដែល​ប្រើ​ឧបករណ៍​ដូច​គ្នា​​និយាយ​ថា​ ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថាអ្នក​ស្រី​​មាន​​ជំងឺ​ Hashimoto ​ដែល​ជា​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​​បណ្តាល​ឱ្យ​អ្នក​ជំងឺ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​ ​លេប​ថ្នាំ​ និង​ណាត់​ជួប​គ្រូពេទ្យ​​​។

តើ​លោក​ស្រី​ហូមស៍ ​និង​អតីត​ដៃគូ​ជំនួញ និង​ជា​អតីត​សង្សារ​ ​លោក​ Balwani ​រង​ការ​ចោទ​ប្រកាន់​អ្វី​?​

​ការ​​ជ្រើស​រើស​គណៈ​វិនិច្ឆ័យ​នៅ​ក្នុង​សវនាការ​របស់​អ្នក​​ស្រី ​ហូមស៍ ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​​ ហើយ​សេចក្តី​ថ្លែងការណ៍​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ៨ ​ខែ​កញ្ញា​ខាង​មុខ​នេះ​។​

ទាំង​លោក​ស្រី​ហូមស៍​ និង​ដៃគូ​ជំនួញ​លោក​ Balwani ​ដែល​ជា​អតីត​ប្រធាន​នាយក​ប្រតិបត្តិ​ រង​ការ​ចោទ​ប្រកាន់​ពី​បទ​​ «​រួម​គ្នា​ដើម្បី​ទាក់​ទង​ដោយ​ផ្ទាល់​ ​ធ្វើ​ទី​ផ្សារ​ ចេញ​សេចក្តី​ថ្លែងការណ៍​ឱ្យ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ចេញ​របាយការណ៍​ហិរញ្ញ​វត្ថុ​​ និង​ព័ត៌មាន​ផ្សេង​ទៀត​ ដើម្បី​បន្លំ​អូស​ទាញ​វិនិយោគិន​​​» ​និង​​ «​បង្កើត​គ្រោងការណ៍​​ដើម្បី​បន្លំ​វេជ្ជបណ្ឌិត​ និង​អ្នក​ជំងឺ​»​។​ អ្នក​​ស្រី​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ចាប់​ពី​​ ២០​​​ឆ្នាំ​ឡើង​ទៅ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​។​

រឿង​មួយ​ដែល​ផ្ទុះ​ឡើង​នា​ពេល​ថ្មី​នេះ​គឺ​ មេធាវី​របស់​លោក​ស្រី​ហូមស៍​នឹង​លើក​យក​ការ​អះអាង​ដែល​ថា​ ​ដៃគូ​ជំនួញ​របស់​អ្នក​​ស្រី​ ធ្លាប់ជា​គូរសង្សារ​នឹងគ្នា និង​ជា​ប្រធាន​​នាយក​​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Theranos ផងដែរនោះ​​ ​លោក​​ ​ Balwani បាន​រំលោភ​​បំពាន​ផ្លូវ​ភេទ​ និង​ផ្លូវ​ចិត្ត​​​​ធ្វើ​ឱ្យ​ខូច​ស្មារតី​របស់​​លោក​ស្រី​។​

លោក​ Balwani ​វ័យ​​ ៥៦ ​ឆ្នាំ​ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់ពី​បទ​​​ឆបោក​ដូច​គ្នា​ ​ហៅ​ការ​អះអាង​នេះ​ថា​ «​ហួស​ហេតុ​»​។ ​​សំណុំ​រឿង​របស់​លោក​នឹង​ត្រូវ​បើក​សវនាការ​នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner