ផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។

អស់រយៈកាល ១៨ខែ កន្លងមកនេះ វិបត្តិជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ក្នុងនោះវិស័យទេសចរណ៍សកលលោក ក៏ដូចជាកម្ពុជាកំពុងតែទទួលរងភាពអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។ ការណ៍នេះបានជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសនានា បានធ្វើការបិទ-បើក តំបន់ រឺប្រទេសទាំងមូល ជាច្រើនលើកច្រើនសារ ខណៈពេលដែលយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំកំពុងអនុវត្តដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅជំរុញការស្តារសង្គម -សេដ្ឋកិច្ចឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី។

ឈរលើទស្សនវិស័យនៃ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត” ជានិច្ចកាលរាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម និងជាក់ស្តែងនិយម ដែលមានផែនការច្បាស់លាស់នៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩” និងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ សម្រាប់គោលដៅសំខាន់ៗ ដែលជាឯកសារគោល ដែលមានសារៈសំខាន់ជាយុទ្ធ-សាស្ត្រ សម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជា។

ទន្ទឹមនេះ ភាពចាំបាច់ក្នុងការបើកដំណើរការ សកម្មភាពពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី ដោយហេតុថា ស្ថានភាពទីផ្សារទេសចរណ៍ នឹងមានភាពតូចចង្អៀត ជាមួយការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម, តម្លៃ, ទំនុកចិត្តលើសុវត្ថិភាព នៃគោលដៅទេសចរណ៍, វិធានការណ៍នៃការគ្រប់គ្រងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩, និងការសម្រួលការធ្វើដំណើរ ។

ចំណុចទាំងនេះ គឺជាកត្តាគន្លឹះ សម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរណ៏ ក្នុងការជ្រើសរើសគោលដៅ ដំណើរកម្សាន្តទេសចរណ៍ក្នុងបរិបទថ្មី ។ ក្នុងន័យនេះ ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នឹងក្លាយជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការបើកឲ្យដំណើរការឡើងវិញជាបណ្តើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សាបាននូវ តុល្យភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឲ្យបានឆាប់ទៅរក “ប្រក្រតីភាពថ្មី” នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយត្រូវចេះសម្របខ្លួនរៀនរស់ក្នុងបរិបទថ្មី។

ការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ ដែលត្រូវធ្វើឡើងតាមដំណាក់កាលជាជំហានៗ ដោយផ្អែកលើវិធីសាស្ត្រជាក់លាក់ ក្នុងការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដែលជាអនុគមន៍នៃអត្រា នៃការចាក់វ៉ាក់សាំង, អត្រាប្រេវ៉ាឡង់ នៃការចម្លងជំងឺកូវីដ-១៩ និងការត្រៀមលក្ខណៈសម្បត្តិរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជា តាមគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះផងដែរ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន ការដាក់អនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវមានការត្រួតពិនិត្យ តាមដាន វាយតម្លៃជាប់ជាប្រចាំ ស្របតាមការវិវត្តន៍ជាក់ស្តែង នៃសភាពការណ៍រីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងជំហាននីមួយៗ ផ្សារភ្ជាប់ជាមួយនឹងជម្រើសសម្រាប់ការបិទ-បើក ដោយផ្អែកលើការបែងចែកតំបន់, ការធ្វើអាទិភាវូបនីយកម្ម ជម្រើសសកម្មភាពទេសចរណ៍ តាមអនុវិស័យ និងកត្តាពេលវេលា ដែលដើរតួជាចន្ទល់យុទ្ធសាស្រ្តសំខាន់ ក្នុងការផ្តល់លទ្ធភាពដល់ការគ្រប់គ្រងហានិភ័យ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner