សមាជិកប្រតិបត្តិថ្មីសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ប្តេជ្ញារួមកម្លាំងគ្នា ដើម្បីបន្តការអភិវឌ្ឍ វិស័យមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត
សមាជិកប្រតិបត្តិថ្មីទាំង១១រូប សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ប្តេជ្ញារួមកម្លាំងគ្នា ដើម្បីបន្តការអភិវឌ្ឍ វិស័យមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ការបញ្ជាក់នេះធ្វើឡើង ក្នុងមហាសន្និបាតបញ្ចប់ អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២០-២០២៤ ដោយតាមរយៈមហាសន្និបាតនេះជ្រើសរើសបាន សមាជិកប្រតិបត្តិអាណត្តិថ្មី ដើម្បីបន្តការដឹកនាំអភិវឌ្ឍន៍បន្ត ។

មហាសន្និបាតនេះ បានបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិថ្មីចំនួន១១រូប ដោយលោក តឹក ប៊ុនវី ជាប្រធានសហព័ន្ធដោយទទួលបានសំឡេងគាំទ្រ១៦សំឡេង ខណៈលោក ស៊ីម មង្គលរស្មី អតីតប្រធានអាណត្តិចាស់ធ្លាក់ចេញពីដំណែង ដោយសារសមាជិកពេញសិទ្ធិមិនបោះឆ្នោះគាំទ្រ ដោយទទួលបានត្រឹម៣សំឡេងប៉ុណ្ណោះ ។

សមាជិកប្រតិបត្តិអាណត្តិថ្មីរួមមាន លោក តិត ប៊ុនវី ជាប្រធាន, លោក ចាប់ វ៉ាន់នី អនុប្រធាន, លោក សុខ វណ្ណៈ អគ្គលេខាធិការ, លោក ណុំ សុបិន្ត អគ្គលេខាធិការរង, លោក ហេង សារ៉ាត់ អគ្គហិរញ្ញឹក, លោក ធិ ប៊ុនធី អគ្គហិរញ្ញឹករង ខណៈ៥រូបទៀត ជាសមាជិក ។ ប្រធានអាណត្តិថ្មី រួមទាំងសមាជិកប្រតិបត្តិ១០រូបទៀត បានប្តេជ្ញាចិត្តខ្ពស់ថានឹងខិតខំរួមគ្នា ដើម្បីអភិវឌ្ឍវិស័យកីឡាកាយវប្បកម្មនេះ ឲ្យកាន់ តែរីកចម្រើន។

លោក បឹង គឹមតោ ប្រធានស្តីទីនាយកដ្ឋានអប់រំកាយ និងកីឡា បានបញ្ជាក់ថា សន្និបាតបានកែសម្រួលលើលក្ខ័ន្តិកៈមួយចំនួន ហើយការបោះឆ្នោតជ្រើសជ្រើសក្បាលម៉ាស៊ីនដឹកនាំនេះ គឺត្រូវបានធ្វើឡើងស្របតាមគោលការណ៍លក្ខ័ន្តិកៈ របស់សហព័ន្ធ ដែលជាច្បាប់គោល ។ «អ្វីខុសពីច្បាប់ យើងមិនធ្វើទេ ហើយសមាជិកថ្មីទាំង១១ រូបនេះ គឺប្រសូត្រចេញពីការបោះឆ្នោតពេញលក្ខណៈច្បាប់ត្រឹមត្រូវ ដោយសមាជិកអាណត្តិចាស់១១រូប រួមទាំងក្លិបនានា ដែលជាសមាជិកពេញសិទ្ធិ ដែលមានសិទ្ធិម្នាក់១សំឡេង ក្នុងការបោះឆ្នោតប្រកប ដោយភាពត្រឹមត្រូវ និងយុត្តិធម៌ អនុឡោមតាមគោលការណ៍» ។

ជាមួយនិងការទះដៃអបអរសាទរនេះដែរ លោក បឹង គឹមតោ បានស្នើសុំសមាជិកថ្មីទាំងអស់ គប្បីរួមកម្លាំងគ្នា ដើម្បីបន្តការអភិវឌ្ឍកាន់តែរីចម្រើនបន្ថែមទៀត ជាពិសេសគឺក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ។ ម្យ៉ាងទៀត លោកផ្តល់យោបល់ឲ្យមានការលើកទឹកចិត្ត ប្រធានសហព័ន្ធអាណត្តិចាស់ និងសមាជិក សមាជិកាដែលមិនជាប់ឆ្នោត បន្តរួមគ្នាលើកស្ទួយ និងអភិវឌ្ឍកីឡាមួយនេះឲ្យខ្លាំងក្លាបន្ថែមទៀត ។

ជាមួយគ្នានោះ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ថា នឹងខិតខំរួមកម្លាំងគ្នា ដើម្បីជំរុញឲ្យវិស័យជំនាញកីឡាមួយនេះ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយមិនត្រូវប្រកាន់បក្សពួកនិយម តែត្រូវរួមគំនិតគ្នា ដើម្បីស្មារតី នៃការអភិវឌ្ឍ» ៕ធ.ដ

