គណៈកម្មការបាល់ទាត់ជាតិកម្ពុជា ប្រកាសពីការប្រកួតពានធំៗចំនួន២ នារដូវកាលថ្មី ខណៈប្រាក់រង្វាន់ក្រុមជើងឯករដូវកាលថ្មី ច្រើនជាងរដូវកាលមុន
គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការប្រកួតពានធំៗចំនួន២ គឺពានរង្វាន់ Metfone Cambodian League និងពាន Hun Sen Cup រដូវកាល២០២០ ខណៈប្រាក់រង្វាន់ជើងឯកលីកកំពូលកម្ពុជា ឆ្នាំ២០២០នេះ ៦០លានរៀល ដែលក្រុមហ៊ុនទូរស័ព្ទ Metfone គឺជាម្ចាស់ឧបត្ថម្ភ ។

លោក ឈី កុលបុត្រា តំណាង CNCC បានបញ្ជាក់ថា រដូវកាលថ្មីនេះ ខ្លួនបានកែសម្រួលនូវវិធាន និងបទបញ្ញត្តិមួយចំនួន ដើម្បីជំរុញដល់ការអភិវឌ្ឍកាន់តែប្រសើរ ដូចជាការដោះដូរកីឡាករពីក្លឹប១ទៅក្លិបមួយ ដោយត្រូវកំណត់ជាគោលការណ៍នូវសំណងអភិវឌ្ឍដែលក្លិបមួយខិតខំបណ្តុះបណ្តាល, មុនការប្រកួតទាំងអស់ត្រូវគោរពទង់ជាតិកម្ពុជា និងការបង្កើនលើប្រាក់រង្វាន់៦០លានរៀល សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជា ពីរដូវកាលមុនៗ កាន់តែច្រើនបន្ថែមទៀត ខណៈចំណាត់ថ្នាក់លេខ២ និងលេខ៣ នៅរក្សាចំនួនប្រាក់រង្វាន់ដដែល ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួយឧបត្ថម្ភពេញ១រដូវកាល ដល់ក្លិប នៃក្របខ័ណ្ឌលីគចំនួន១២ក្លិប ក្នុង១ក្លិបៗចំនួន ១ម៉ឺន៥ពាន់ដុល្លារ សរុបចំនួន១៨ម៉ឺនដុល្លារ លើកលែង១ក្លិប គឺក្លិបយុវជនបាទី ដោយសារស្ថិតក្រោមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាស្រាប់ ។ ការផ្តល់ប្រាក់ឧបត្ថម្ភជូនដល់បណ្តាក្លិបនានានេះ មិនមែនមានត្រឹមតែក្នុងឆ្នាំ២០២០នេះទេ ប៉ុន្តែរដូវកាលមុនៗ សហព័ន្ធក៏បានផ្តល់ជូនដូចគ្នា ដោយគ្រាន់ តែមិនប្រកាសតែប៉ណ្ណោះ ។
គួរបញ្ជាក់ថា តាមកាលបរិច្ឆេទរបស់ CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ ថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ខេត្តចាប់ផ្តើមនៅថ្ងៃទី៤កុម្ភៈស្អែកនេះ រីឯការប្រកួតលីគកំពូលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី១៥ ខែកុម្ភៈ ជាមួយនឹងការកែសម្រួលវិធាន និងបទបញ្ញត្តិមួយចំនួន ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់រដូវកាលថ្មីនេះ ។

សូមបញ្ជាក់ថា សម្រាប់ក្របខ័ណ្ឌលីគកំពូលកម្ពុជា មានចំនួន១៣ក្លិបចូលរួម នៅរដូវកាល ២០២០នេះ ថយចុះ១ក្រុម ដូចជាក្លិបព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, គីរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ ៕ធ.ដ



